ថៃនឹងរឹតបន្តឹងច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលពីបរទេស

0

បរទេស៖ ប្រទេសថៃនឹងអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលនៅក្រៅប្រទេស ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយវិសមភាពប្រាក់ចំណូល ក៏ដូចជាការបង្កើនប្រាក់ចំណូលដើម្បីចំណាយសម្រាប់គំនិតផ្តួចផ្តើមនៃការជំរុញសេដ្ឋកិច្ចរបស់ខ្លួន។

ហេតុដូច្នេះហើយ កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រាក់ចំណូលនៃក្រសួងហិរញ្ញវត្ថុថៃបានណែនាំនូវការរឹតបន្តឹងបន្ថែមទៀតនូវទាក់ទងនឹងប្រាក់ចំណូលនៅក្រៅប្រទេស។

បទប្បញ្ញត្តិថ្មីដែលគ្រោងនឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នឹងអនុញ្ញាតឱ្យអាជ្ញាធរយកពន្ធលើប្រាក់ចំណូលបរទេសរបស់បុគ្គលដែលបានរស់នៅក្នុងប្រទេសថៃក្នុងរយៈពេលយ៉ាងតិច ១៨០ថ្ងៃនៅក្នុងឆ្នាំនៃការវាយតម្លៃដែលបានបញ្ជាក់។

ក្រុមអ្នកជំនាញផ្នែកច្បាប់បាននិយាយថា គោលនយោបាយនេះផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើប្រជាជនដែលកំពុងជួញដូរនៅក្នុងទីផ្សារភាគហ៊ុនបរទេសតាមរយៈឈ្មួញកណ្តាលបរទេស ពាណិជ្ជកររូបិយប័ណ្ណឌីជីថល និងជនជាតិថៃដែលបាននិងកំពុងកេងប្រវ័ញ្ចនូវចន្លោះប្រហោងដែលអនុញ្ញាតឱ្យពួកគេនាំយកប្រាក់ចំណូលពីបរទេសចូលមកក្នុងប្រទេសថៃដោយមិនបង់ពន្ធបន្ទាប់ពីរក្សាទុកវានៅក្នុងគណនីនៅឯនាយសមុទ្រ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានការព្រួយបារម្ភនៅក្នុងចំណោមក្រុមអ្នកជំនាញថា គោលនយោបាយថ្មីនេះអាចធ្វើឱ្យធនាគារឯកជន និងស្ថាប័នហិរញ្ញវត្ថុផ្តាច់ខ្លួន ដែលអាចចាត់ទុកបរិយាកាសបទប្បញ្ញត្តិនៅក្នុងប្រទេសថៃមានភាពមិនច្បាស់លាស់ ឬស្មុគស្មាញពេក។

ក្រុមអ្នកជំនាញបាននិយាយថា ខណៈដែលគោលនយោបាយថ្មីរបស់នាយកដ្ឋានប្រាក់ចំណូលមានគោលបំណងបង្កើនប្រាក់ចំណូលដោយការបិទចន្លោះប្រហោងពន្ធដែលមានស្រាប់នោះ អាចនឹងមានការធ្លាក់ចុះនូវសក្តានុពលច្រើន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា