បរទេស៖ នៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី១៩ ខែកញ្ញា លោកប្រធានាធិបតី លោក ចូ បៃដិន បានគូសបញ្ជាក់អំពីទំនាក់ទំនងរវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក។
លោកបាននិយាយនៅឯការជជែកពិភាក្សាដេញដោលកម្រិតខ្ពស់មួយក្រោមប្រធានបទ «ការកសាងទំនុកចិត្តឡើងវិញ និងការគ្រប់គ្រងសាមគ្គីភាពសកលលោក៖ ការពន្លឿនសកម្មភាពសម្រាប់របៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា» ថា «អស់ជាច្រើនទស្សវត្សរ៍មកហើយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិកឈរនៅជាមួយទីក្រុងហាណូយ រួមជាមួយមេដឹកនាំវៀតណាម ហើយប្រកាសពីការប្តេជ្ញាចិត្តទៅវិញទៅមកចំពោះភាពជាដៃគូកម្រិតខ្ពស់បំផុតរបស់ប្រទេសទាំងពីរ»។
មេដឹកនាំរូបនោះបាននិយាយបន្ថែមថា «ជាមួយនឹងការដឹកនាំរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រុងប្រយ័ត្ន សត្រូវអាចក្លាយជាដៃគូ ការប្រឈមដ៏លើសលប់អាចត្រូវបានដោះស្រាយ ហើយរបួសយ៉ាងជ្រៅអាចជាសះស្បើយ»។
តាមរយៈឧទាហរណ៍នេះ លោក បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាដើម្បីដោះស្រាយជម្លោះ ហើយសហរដ្ឋអាមេរិកប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។
ថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរេស បានអំពាវនាវឱ្យប្រទេសនានាបង្កើនកិច្ចសន្ទនា ជំរុញពហុភាគីនិយម និងកំណែទម្រង់ប្រព័ន្ធរដ្ឋបាលអន្តរជាតិ ជាពិសេសស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ និងអង្គការសហប្រជាជាតិ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា