កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ឈានដល់កម្រិតខ្ពស់ថ្មី បើទោះបីជាមានទណ្ឌកម្មក៏ដោយ

0

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ែរហ្គេយ សូហ្គូ បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ កំពុងឈានដល់កម្រិតខ្ពស់ថ្មីមួយ។

លោក សូហ្គូ បានចង្អុលបង្ហាញនៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ លោក ម៉ូហាំម៉ាដ រ៉េហ្សា អាស្សទីអាននី កាលពីថ្ងៃពុធថា «យើងប្តេជ្ញាអនុវត្តសកម្មភាពទាំងអស់ដែលបានគ្រោងទុករបស់យើង បើទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចក៏ដោយ។ សម្ពាធ​នៃ​ទណ្ឌកម្មទៅ​លើប្រទេស​រុស្ស៊ី ​និង​អ៊ីរ៉ង់ ​កំពុង​បង្ហាញ​ថា​គ្មាន​ប្រយោជន៍ ខណៈ​ដែលកិច្ចសហប្រតិបត្តិការ​រវាងរុស្ស៊ី ​និង​អ៊ីរ៉ង់ ​កំពុង​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មីមួយ»។

ប្រមុខការពារជាតិរុស្ស៊ីក៏បានប្រកាសពីការត្រៀមខ្លួនក្នុងការចាត់វិធានការរួមគ្នាបន្ថែមទៀតដើម្បីពង្រឹងស្ថិរភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា។ លោក សូហ្គូ បាននិយាយបន្ថែមថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ថា កិច្ចសន្ទនារវាងរុស្ស៊ី-អ៊ីរ៉ង់ មានសារៈសំខាន់ខ្លាំងជាពិសេសកាលពីពេលថ្មីៗនេះ»។

យោងតាមរូប​លោកបានឱ្យដឹងថា នេះ​ភាគច្រើន​ដោយសារ​តែទំនាក់ទំនង​ដែលមាន​មូលដ្ឋាន​លើ​ការទុកចិត្តគ្នារវាង​មេដឹកនាំ​រុស្ស៊ី និង​អ៊ីរ៉ង់​។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា «សារៈសំខាន់ខ្លាំងនៃកិច្ចប្រជុំនោះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការបន្តជំរុញភាពជាដៃគូការពារជាតិ»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា