បរទេស៖ វេទិកាការបង្កើតថ្មី និងអភិវឌ្ឍពាណិជ្ជកម្មទំនិញចិន-អាស៊ានដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ បានសម្រេចបាននូវកិច្ចព្រមព្រៀងទំនិញចំនួន៥ ដែលមានតម្លៃសរុប ២៩,៧ប៊ីលានយ័ន (ប្រហែល ៤,១ប៊ីលានដុល្លារអាម៉េរិក)។
អ្នករៀបចំកម្មវិធីបាននិយាយថា កិច្ចព្រមព្រៀងលទ្ធកម្មគ្របដណ្តប់ទៅលើទំនិញប្រេង ប្រេងដូង ធ្យូងថ្ម និងរ៉ែ។ វេទិកានេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទនៅទីក្រុងណាននីង រដ្ឋធានីនៃតំបន់ស្វយ័តខេត្តក្វាងស៊ីចូវនៅភាគខាងត្បូងប្រទេសចិន។
ខេត្តក្វាងស៊ីមានការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅអាស៊ាន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់ពាណិជ្ជកម្មសេរីសាកល្បងរបស់ចិន (ក្វាងស៊ី) បានពន្លឿនការបង្កើតវេទិកាពាណិជ្ជកម្មទំនិញ។ ចាប់ពីខែមករាដល់ខែកក្កដា តំបន់ពាណិជ្ជកម្មសេរីបាននាំចូលទំនិញចំនួន ១២,៧៩ លានតោន ដោយកើនឡើង ៨១,២% ពីមួយឆ្នាំទៅមួយឆ្នាំ។
អ្នកចូលរួមជាង ២០០នាក់ មកពីប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ាន រួមទាំងអាជ្ញាធរពាណិជ្ជកម្មទំនិញ សមាគមអាជីវកម្ម ស្ថាប័នស្រាវជ្រាវ អ្នកតំណាងនៃវេទិកាពាណិជ្ជកម្មទំនិញ និងអ្នកផលិត និងពាណិជ្ជករ បានចូលរួមក្នុងវេទិកានោះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា