បរទេស៖ យោងតាមគយក្នុងទីក្រុងស៊ាងហៃបានឱ្យដឹងថា ការនាំចូល និងនាំចេញរបស់ទីក្រុងស៊ាងហៃបានឈានដល់តម្លៃ ២,៧៩ទ្រីលានយ័ន (ប្រហែល ៣៨៩ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើងបាន ៣,៦% ពីមួយឆ្នាំទៅមួយឆ្នាំ។
ទិន្នន័យពីគយស៊ាងហៃបានបង្ហាញថា ក្នុងរយៈពេលនោះ ការនាំចេញរបស់ទីក្រុងស៊ាងហៃបានកើនឡើង ៤,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់តម្លៃ ១,១៤ទ្រីលានយ័ន ខណៈដែលការនាំចូលបានកើនឡើង ២,៨% ដែលឈានដល់តម្លៃ ១,៦៥ទ្រីលានយ័ន។
ពាណិជ្ជកម្មរបស់ទីក្រុងស៊ាងហៃជាមួយសហភាពអឺរ៉ុបមានចំនួន ៥៧០,៧៨ប៊ីលានយ័ន ដោយកើនឡើងបាន ៧,១% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ២០,៤% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ទីក្រុងនេះក្នុងរយៈពេល ៨ខែដំបូង។
ចាប់ពីខែមករាដល់ខែសីហា ទីក្រុងស៊ាងហៃបាននាំចេញផលិតផលមេកានិច និងអគ្គិសនីចំនួន ៧៨៦,៧៥ប៊ីលានយ័ន ដោយកើនឡើង ៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ៦៩,១% នៃតម្លៃនាំចេញសរុបរបស់ទីក្រុង។
ទន្ទឹមនឹងនេះដែរ ទីក្រុងស៊ាងហៃបាននាំចូលទំនិញប្រើប្រាស់ចំនួន ៣៧៦,៤៧ប៊ីលានយ័ន ដោយកើនឡើង ១០,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ២២,៨% នៃតម្លៃនាំចូលសរុបរបស់ទីក្រុង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា