រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នឹងជួបប្រជុំគ្នានៅទីក្រុងតូក្យូនៅថ្ងៃទី៧-៨ ខែវិច្ឆិកា

0

បរទេស៖ ក្រសួងការបរទេសជប៉ុនបានប្រាប់អ្នកសារព័ត៌មានថា បណ្តារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានសម្រេចចិត្តជួបប្រជុំគ្នានៅទីក្រុងតូក្យូនៅថ្ងៃទី៧-៨ ខែវិច្ឆិកាខាងមុខ។

តំណាងក្រសួងការបរទេសជប៉ុនបាននិយាយថា «នៅក្នុងកិច្ចពិភាក្សារបស់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នៅទីក្រុងញូវយ៉ក ប្រទេសជប៉ុនបានប្រកាសថា កិច្ចប្រជុំបន្ទាប់នៃបណ្តារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នឹងធ្វើឡើងនៅថ្ងៃទី៧-៨ ខែវិច្ឆិកា នៅក្នុងប្រទេសជប៉ុន ដោយកិច្ចប្រជុំនោះនឹងប្រព្រឹត្តទៅដោយផ្ទាល់»។

នៅក្នុងកិច្ចប្រជុំថ្មីៗបំផុតរបស់ពួកគេនៅទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានថ្កោលទោសសារជាថ្មីម្តងទៀតទៅលើសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយបានសន្យាបន្តការគាំទ្រយ៉ាងពេញលេញសម្រាប់អ៊ុយក្រែន និងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពួកគេក៏បានចោទប្រកាន់រុស្ស៊ីអំពីវោហាសាស្ត្រនុយក្លេអ៊ែរ ដែលពួកគេបានពិពណ៌នាថាជាការមិនអាចទទួលយកបាន ប៉ុន្តែការ​ចោទ​ប្រកាន់​បែប​នេះ​ត្រូវ​បាន​ភាគី​រុស្ស៊ី​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា