បរទេស៖ ជាង ៩០% នៃប្រជាជននៅក្នុងប្រទេសថៃកំពុងរស់នៅក្នុងលក្ខខណ្ឌខ្យល់ដែលខ្សោយជាងស្តង់ដារសុវត្ថិភាពដែលកំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ហើយលក្ខខណ្ឌនេះអាចកាត់បន្ថយអាយុជីវិតជាមធ្យមរបស់ប្រជាជនថៃ ១,៨ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ពីគុណភាពខ្យល់នៃសន្ទស្សន៍ជីវិត។
អង្គការ WHO កំណត់ថា PM2.5 ដែលមិនលើសពី ៥០មីក្រូក្រាមក្នុង 1 cu.m នៃខ្យល់ គឺជាកម្រិតសុវត្ថិភាព។
ក្រសួងឧស្សាហកម្មថៃបានរាយការណ៍ថា ការបំពុលបរិយាកាស ជាពិសេសធូលីល្អ PM2.5 ដែលបណ្តាលមកពីការដុតចម្ការ ជាពិសេសចម្ការអំពៅនោះបានប៉ះពាល់ដល់ប្រជាជនប្រហែល ៤៤លាននាក់ក្នុងប្រទេសថៃជារៀងរាល់ឆ្នាំ ដោយបាននិយាយបន្ថែមថា ការប៉ះពាល់នឹងធូលីល្អិតរយៈពេលវែងនឹងបណ្តាលឱ្យមានជំងឺរ៉ាំរ៉ៃមួយចំនួន រួមមានទាំងជំងឺសួត និងជំងឺបេះដូង។
កសិករថៃបានដុតចម្ការក្រោយច្រូតកាត់រួចដើម្បីកម្ចាត់គល់ឈើ។ ខណៈដែលវិធីសាស្រ្តនេះបានជួយសន្សំសំចៃការចំណាយ ប៉ុន្តែវាបង្កើតផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។
រដ្ឋាភិបាលថៃបានស្នើវិធានការដើម្បីដោះស្រាយបញ្ហាធូលីល្អ PM2.5 ចាប់តាំងពីឆ្នាំ ២០១៩ មក ដែលរួមមានទាំងការចាប់កសិករដែលល្មើសនឹងច្បាប់ដោយការដុតដំណាំផងដែរ។
យោងតាមក្រសួងនោះបានឱ្យដឹងថា ការដុតបំផ្លាញដំណាំមិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបន្ទុកដល់សង្គមផងដែរ ដោយសារការបំពុលបរិយាកាសពីផ្សែងដែលដុតនោះអាចនៅក្នុងបរិយាកាសខាងលើតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលរហូតដល់រយៈពេល ៦ខែ។
តំបន់ដែលរងផលប៉ះពាល់ គឺភាគខាងជើង ភាញឦសាន ភាគបូព៌ា និងតំបន់កណ្តាល ដោយរួមមានទាំងតំបន់ទីក្រុងបាងកកដែលមានប្រជាជនរស់នៅសរុបប្រមាណ ៤៤លាននាក់។
ដើម្បីជួយដល់កសិករដាំអំពៅដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ក្រសួងបាននឹងកំពុងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១២០បាត (៣,៤ដុល្លារអាម៉េរិក) ក្នុងមួយតោន ដើម្បីឱ្យពួកគេអាចជួលកម្លាំងពលកម្ម ឬទិញឧបករណ៍ដើម្បីកម្ចាត់គល់អំពៅឱ្យបានត្រឹមត្រូវ និងស្អាត ដោយក្រសួងបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ ថវិកាចំនួន ១៤,៣៨លានបាតត្រូវបានបញ្ចេញរួចហើយ។
ក្រសួងនោះបាននិយាយបន្ថែមថា កម្មវិធីនោះក៏ជួយដល់កសិករដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការប្រមូលផលអំពៅផងដែរ ដើម្បីកាត់បន្ថយតម្រូវការនៃការដុតចម្ការរបស់ពួកគេ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា