ចិន ជំរុញការអភិវឌ្ឍធនធានរ៉ែឆ្លាតវៃ

0

បរទេស៖ យោងតាមសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ ស្តីពីសុវត្ថិភាពអណ្តូងរ៉ែបានឱ្យដឹងថា ប្រទេសចិនបាននឹងកំពុងជំរុញការអភិវឌ្ឍការរុករកធនធានរ៉ែឆ្លាតវៃ ចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អសុវត្ថិភាពផលិតកម្ម។

មន្ត្រីរដ្ឋបាលជាតិសុវត្ថិភាពធនធានរ៉ែ លោក ស៊ុន គីងគូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននោះថា ប្រទេសចិនបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីជំរុញការអភិវឌ្ឍធនធានរ៉ែឆ្លាតវៃ។

លោក ស៊ុន បាននិយាយថា មានអណ្តូងរ៉ែធ្យូងថ្មចំនួន ៧៣០កន្លែងនៅក្នុងប្រទេសចិនដែលត្រូវបានបំពាក់ដោយមុខងារធ្វើការងារឆ្លាតវៃ ហើយ​ចំនួន​មុខ​ងារនោះ​សរុប​មាន​ដល់​ទៅ ១.៤០០មុខងារ។

លោក ស៊ុន បាននិយាយថា ប្រទេសចិនបានសន្យាថានឹងជំរុញការអភិវឌ្ឍវិស័យនេះបន្ថែមទៀតជាមួយនឹងការលើកទឹកចិត្ត រួមទាំងការកែលម្អបទប្បញ្ញត្តិ ស្តង់ដារ និងការគាំទ្រគោលនយោបាយ។

លោកបាននិយាយ​បន្ត​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​លើក​ទឹក​ចិត្តដល់​សាកល​វិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ អាជីវកម្មរ៉ែ និងវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីធ្វើការងាររួមគ្នាដើម្បីអនុវត្តការស្រាវជ្រាវ និងលើកកម្ពស់ការអនុវត្តការបើកបរគ្មានមនុស្សបើក និងបច្ចេកវិទ្យាថាមពលថ្មីនៅក្នុងអណ្តូងរ៉ែដោយបើកចំហ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា