រុស្ស៊ី​នឹង​វាយ​បក​យ៉ាង​ខ្លាំងទៅវិញ ​ប្រសិន​បើ​អ៊ុយក្រែន​វាយ​ប្រហារតំបន់​គ្រីមៀ

0

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា រាល់ការប៉ុនប៉ងរបស់កងទ័ពអ៊ុយក្រែនដើម្បីរំលោភបំពានទៅលើតំបន់គ្រីមៀជាមួយនឹងការប្រើប្រាស់កម្លាំង នឹងត្រូវឆ្លើយតបវិញភ្លាមៗ និងខ្លាំងក្លាបំផុតពីរុស្ស៊ី។

លោកស្រីបាននិយាយដោយអត្ថាធិប្បាយទៅលើសេចក្តីថ្លែងការណ៍ដោយលោក អាឡិចសេយ ដានីឡូវ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ដែលបានគម្រាមបណ្តេញជនជាតិរុស្ស៊ីចេញពីតំបន់គ្រីមៀជាមួយនឹងអាវុធថា «រាល់ការប៉ុនប៉ងវាយលុកណាមួយទៅលើឧបទ្វីបនេះ នឹងត្រូវឆ្លើយតបវិញភ្លាមៗ និងខ្លាំងក្លាដូចពីមុន»។

អ្នកការទូតរូបនោះបាននិយាយបន្ថែមថា «ខ្ញុំចង់រំលឹកអ្នកជ្រុលនិយមទីក្រុងគៀវទាំងអស់ថា បញ្ហារបស់តំបន់គ្រីមៀត្រូវបានបិទហើយនៅពេលដែលអ្នកស្រុករបស់ខ្លួនបានជ្រើសរើសត្រឡប់ទៅដូចកាលពីឆ្នាំ២០១៤ វិញ ដោយពួកគេដឹងពីអ្វីដែលកំពុងរង់ចាំពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំនេះទាំងក្នុងន័យសេដ្ឋកិច្ច សង្គម និងមនុស្សធម៌ ដោយផ្អែកយ៉ាងជាក់លាក់លើតក្កវិជ្ជាជាតិនិយម៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា