បរទេស៖ កាសែតវៀងច័ន្ទន៍ថែមស៍បានរាយការណ៍ថា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់របស់ប្រទេសឡាវបានស្នើឱ្យមានការហាមប្រាមការនាំចូលបន្លែ និងផលិតផលកសិកម្មមួយចំនួន ក្នុងគោលបំណងជំរុញការដាំដុះដំណាំទាំងនេះក្នុងប្រទេស ស្របពេលដែលកំពុងមានការដោះស្រាយបញ្ហាអតិផរណា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ លោកបណ្ឌិត ភេត ភូមិភីផាក បានស្នើឡើងនូវការហាមប្រាមនេះនៅក្នុងកិច្ចប្រជុំរបស់មន្ត្រីរដ្ឋាភិបាល និងអ្នកតំណាងវិស័យឯកជនកាលពីពេលថ្មីៗនេះ។
បញ្ជីនៃបន្លែដែលត្រូវបានណែនាំសម្រាប់ហាមប្រាមនោះ រួមមានស្ពៃក្តោប ផ្កាខាត់ណា ខ្ទឹមបារាំង ខ្ទឹមស ប៉េងប៉ោះ ម្ទេសប្លោក ដំឡូង ការ៉ុត និងដំឡូងក្រហម។
ការនាំចូលសាច់ជ្រូក សាច់គោ និងប្រភេទត្រីមួយចំនួនក៏ត្រូវបានស្នើឱ្យមានការហាមប្រាមដែរ លើកលែងតែសាច់ដែលមានគុណភាពខ្ពស់ និងសាច់ចៀម ដែលជាតម្រូវការរបស់ភោជនីយដ្ឋាន និងសណ្ឋាគារនានា។
លោកបណ្ឌិត ភេត បាននិយាយថា អាហារសមុទ្រអាចនាំចូលបាន ប៉ុន្តែគួរតែត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងស្របតាមកូតាដែលបានកំណត់ និងមានរយៈពេលកំណត់។
លោកបានកត់សម្គាល់ថា កសិករក្នុងស្រុកអាចដាំស្រូវ បន្លែ និងកសិផលផ្សេងៗទៀតបានប្រមាណ ៦,៥៣លានតោនក្នុងមួយឆ្នាំ។ តួលេខនេះរួមមាន អង្ករចំនួន ៣,៧២លានតោន បន្លែចំនួន ២,៣១លានតោន និងសាច់សត្វ ត្រី និងស៊ុតចំនួន ៥០៧.៦៤៤តោន។ បរិមាណទាំងនេះអាចឱ្យមានការប្រើប្រាស់ជាមធ្យមប្រចាំឆ្នាំក្នុងមនុស្សម្នាក់ចំនួន ៦៨,២គីឡូក្រាម។
តម្លៃរួមគ្នានៃការនាំចូល និងនាំចេញមានលើសពី ១ប៊ីលានដុល្លារអាម៉េរិកកាលពីក្នុងខែកក្កដា ។ ការនាំចេញមានតម្លៃ ៤២៩លានដុល្លារអាម៉េរិក ខណៈដែលការនាំចូលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៥៩៥លានដុល្លារអាម៉េរិក ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ១៦៦លានដុល្លារអាម៉េរិក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា