រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លើកឡើងអំពីសារៈសំខាន់នៃវិស័យដឹកជញ្ជូនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

0

បរទេស៖ រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក ប៊ូឌី កាយ៉ា ស៊ូម៉ាឌី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្តល់សេវាដឹកជញ្ជូនសំខាន់ៗដល់ប្រជាជន។

ថ្លែងទៅកាន់អ្នកសារព័ត៍មានកាលពីពេលថ្មីៗនេះ លោកបាននិយាយថា រដ្ឋាភិបាលកំពុងជំរុញគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍការតភ្ជាប់វិស័យដឹកជញ្ជូន ដែលវាពិតជាកត្តាសំខាន់មួយក្នុងដំណើរការផ្លាស់ប្តូរដែលបង្កើតភាពរីកចម្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

លោក ប៊ូឌី បានអំពាវនាវឱ្យអ្នកធ្វើការក្នុងវិស័យដឹកជញ្ជូនទាំងអស់ឱ្យរួបរួមគ្នាដើម្បីជាប្រយោជន៍ដល់ការជំរុញឧស្សាហកម្មដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី ដែលវារួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេស។

លោកក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យវិស័យដឹកជញ្ជូនអាចទុកចិត្តបាន មានប្រសិទ្ធភាព និងមានការប្រកួតប្រជែង។

លោក ប៊ូឌី បាននិយាយថា នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលបានបង្កើត និងចាប់ផ្តើមប្រតិបត្តិការនៃការដឹកជញ្ជូនផ្លូវដែកធុនស្រាល (LRT) និងផ្លូវរថភ្លើងល្បឿនលឿន ព្រមទាំងកំពង់ផែ ចំណតរថយន្តក្រុង និងអាកាសយានដ្ឋាននៅតំបន់ដាច់ស្រយាលដែលមិនទាន់មានការអភិវឌ្ឍ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា