កោះហៅយុវជន០១ក្រុមមានជម្លោះជាមួយលោកអធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ក្នុងហាងផឹកស៊ីមួយកន្លែង ឲ្យចូលខ្លួនបំភ្លឺ នឹងសុំទោសទទួលកំហុសជាសាធារណៈ

0

ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​បកស្រាយ​បំភ្លឺ​ជូន​សាធារណៈជន​ឱ្យ​បាន​ជ្រាប​ថា​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ជុំវិញ​ការ​បង្ហោះ​រូបភាព​វី​ដេ​អូ​ជា​សាធារណៈ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ជម្លោះ​រវាង​យុវជន​០១​ក្រុម​ជាមួយ​លោក​អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​០១​នាក់ ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​តា​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​២៣:៣០​នាទី កន្លង​ទៅ​នេះ​។

បើ​យោង​តាម​លោក​វរសេនីយ៍ឯក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បញ្ជាក់​ឱ្យ​ដឹង​ថា​៖ យុវជន​០១​ក្រុម​មាន​គ្នា​០៤​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ កោះហៅ​ចូលខ្លួន​មក​បំភ្លឺ​ជុំវិញ​ការ​បង្ហោះ​រូបភាព​វី​ដេ​អូ​និង​ចោទប្រកាន់​ទៅ​លើ​លោក​អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ថា​បាន​ប្រើ​អំពើ​ហិង្សា និង​យក​កាំ​.​ភ្លើ​.​ង គ​.​ម្រាម​.​ពួក​គេ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ​ពៅ ច័ន្ទ​តារា​ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នក​ទាញ​លាត់​អាវយឺត​លោក​អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ឱ្យ​បក្ខពួក​ខ្លួន​ម្នាក់​ឈ្មោះ ពិន ភក្តី ភេទ​ប្រុស អាយុ​២១ ឆ្នាំ ថត​សកម្មភាព​វី​ដេ​អូ​ឱ្យ​ឃើញ​កាំភ្លើង​សៀត​នឹង​ចង្កេះ និង​បាន​បង្ហោះ​វី​ដេ​អូ​នោះ​ជា​សាធារណៈ​។ ដោយ​ពួក​គេ​បាន​សារភាព​ទទួលកំហុស​ប្រព្រឹត្ត​ខុស​ទៅ​លើ​លោក​វរសេនីយ៍ទោ ពេជ្រ សុ​គ​ន្ធា​រ៉ា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រូបរាង​កាយ​ឯកជន និង​យក​រូបភាព​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ប៉ះពាល់​រូបភាព​ឯកជន​នឹង​បាន​សរសេរ​ខ្លឹមសារ​ចោទប្រកាន់​លោក​វរសេនីយ៍ទោ ពេជ្រ សុ​គ​ន្ធា​រ៉ា ខុស​ពី​ការ​ពិត ដែល​ធ្វើ​ឱ្យ​មហាជន​មានការ​យល់​ច្រឡំ​។

ពួក​គេ​ក៏​សុំ​ដក​ពាក្យបណ្តឹង​លោក​វរសេនីយ៍ទោ ពេជ្រ សុ​គ​ន្ធា​រ៉ា ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​និរោធ ខណ្ឌ​ច្បារ​អំពៅ ហើយ​ក៏​សុំ​សន្យា​ថា​ឈប់​ប្រព្រឹត្ត​កំហុសឆ្គង​បែប​នេះ​ទៀត​ហើយ បើសិន​ថ្ងៃក្រោយ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​ទ​ង្វើ​ដែល​ផ្ទុយ​ពី​ច្បាប់​ពួក​គេ​សុខចិត្ត​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

ជាមួយ​គ្នា​នោះ លោក​អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ក៏​បាន​សុំ​គោលការណ៍​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុញ្ញាត​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

សូម​បញ្ជាក់​ថា​៖ លោក​វរសេនីយ៍ទោ ពេជ្រ សុ​គ​ន្ធា​រ៉ា អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ក៏​ត្រូវ​បាន ឯកឧត្តម​ស្នងការ បញ្ជា​ឱ្យ​ការិយាល័យ​បុគ្គលិក នៃ​ផែនការ​ងារ​ធនធានមនុស្ស ឱ្យធ្វើ​ការ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​ព្រមាន​លើក​ទី​១ ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​ខុសឆ្គង​ណាមួយ​នាំ​ឱ្យ​ប៉ះពាល់​កិត្តិយស​របស់​នគរបាល​ជាតិ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

May be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and text