បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រលប់ចូលទៅក្នុងប្រទេសកូរ៉េខាងជើងវិញ បន្ទាប់ពីការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដែលជាការ «បើកទំព័រថ្មី» សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រជាជាតិទាំងពីរ។
លោក គីម បានឆ្លងកាត់ស្ថានីយ៍រថភ្លើងតំបន់ទូមេនហ្គាង នៅព្រំដែនរវាងប្រទេសទាំងពីរកាលពីព្រឹកថ្ងៃច័ន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA)។
លោក គីម ដែលបានចាកចេញពីទីក្រុងព្យុងយ៉ាងតាមរថភ្លើងពាសដែករបស់លោកកាលពីថ្ងៃទី១០ ខែកញ្ញា ដោយបានរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធសប្តាហ៍មុន និងបានទៅទស្សនកិច្ចទីតាំងយោធាសំខាន់ៗជាច្រើន ចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកិច្ចព្រមព្រៀងសព្វាវុធដែលអាចកើតមានរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយលោក ពូទីន នោះ លោក គីម បានសន្យាផ្តល់ការគាំទ្រពេញលេញសម្រាប់រុស្ស៊ី ដោយលោកបាននិយាយថា កងទ័ពរុស្ស៊ី រួមទាំងប្រជាជននឹងឈ្នះលើកងកម្លាំង «អាក្រក់» នៅក្នុងការអនុម័តជាក់ស្តែងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
មេដឹកនាំកូរ៉េខាងជើងរូបនេះក៏បានទៅទស្សនកិច្ចតំបន់ព្រីម័រស្កាយ៍ក្រៃ តំបន់អាតយុម និងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសរុស្ស៊ីភាគខាងកើត រួមទាំងដំណើរទស្សនកិច្ចទៅកាន់រោងចក្រយន្តហោះចម្បាំងនៅតំបន់កុមសូម៉ូលស៍-អុន-អាមូ ខណៈដែលបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ែរហ្គេយ ស៊ូហ្គូ នៅទីក្រុងវ្លាឌីវ៉ូស្តុក អំពីកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី៕
ប្រភព៖ ក្រសួងព័ត៌មាន