បរទេស៖ ប្រទេសចំនួន៦ នៅតាមដងទន្លេមេគង្គ ដែលរួមមានប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ បានប្តេជ្ញាធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមលោក ស៊ូរ៉ាស៊ី គីតទីម៉ុនថុន អគ្គលេខាធិការនៃការិយាល័យធនធានទឹកជាតិរបស់ប្រទេសថៃ (ONWR)។
លោក ស៊ូរ៉ាស៊ី បានលើកឡើងខាងលើនេះ ក្នុងពេលដែលតំណាងឱ្យការិយាល័យ ONWR ប្រទេសថៃនៅក្នុងកិច្ចប្រជុំនៃវេទិកាសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាងលើកទី៣ និងមហាសន្និបាតទឹកពិភពលោកលើកទី១៨ ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី១០-១៣ ខែកញ្ញាកន្លងមក។
វត្តមាននៅក្នុងកិច្ចប្រជុំនោះក៏មានមន្ត្រីជាន់ខ្ពស់មកពីប្រទេសជាសមាជិកចំនួន៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ផងដែរ។ ទន្លេមេគង្គមានប្រវែង ៤.៨៨០គីឡូម៉ែត្រ និងចិញ្ចឹមប្រជាជនចំនួន ៣២៦លាននាក់នៅក្នុងប្រទេសទាំងនោះ។
មន្ត្រីថៃរូបនោះបាននិយាយថា កិច្ចប្រជុំនោះធ្វើឡើងដើម្បីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា ក៏ដូចជាបទបង្ហាញអំពីការអនុវត្តគម្រោងដែលផ្តល់មូលនិធិដោយមូលនិធិពិសេស MLC ។ កិច្ចប្រជុំនោះក៏បានរាយការណ៍អំពីវឌ្ឍនភាពនៃការផ្លាស់ប្តូរគំនិតគ្នាក្រោមកិច្ចសហប្រតិបត្តិការគ្រប់គ្រងទឹកមេគង្គ-ឡានឆាង រវាងប្រទេសជាសមាជិកផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ ប្រទេសថៃបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកក្នុងការគ្រប់គ្រងធនធានទឹកតាមរយៈគ្រប់យន្តការនៃសង្គម រួមទាំងទីភ្នាក់ងាររដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ឬសូម្បីតែអង្គការស្ត្រី និងយុវជន ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងនៃតម្រូវការទឹកសាបជាដើម។
លោកបាននិយាយថា ប្រទេសថៃបានស្នើឡើងនូវផែនការគ្រប់គ្រងទឹកដោយផ្អែកលើផែនការមេគ្រប់គ្រងទឹករយៈពេល ២០ឆ្នាំរបស់ប្រទេស ក្នុងគោលបំណងសម្រេចបាននូវការគ្រប់គ្រងទឹកប្រកបដោយចីរភាព ស្របតាមរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា