ទំនិញចម្រុះ និងប្រហិតចម្រុះពុំអនុលោមតាមបទដ្ឋានបច្ចេកទេសប្រមាណ ១៣០គីឡូក្រាម ត្រូវបានមន្ត្រី ក.ប.ប. ដកហូតពីទីផ្សារ

0

ក្នុង​គោលបំណង​បន្ត​គាំពារ​សុខុមាលភាព និង​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ មន្ត្រី​អធិការកិច្ច​ម្ហូបអាហារ ក​.​ប​.​ប​. សាខា​ខេត្តតាកែវ កែប កំពង់ធំ សៀមរាប រតនគិរី បាត់ដំបង បន្ត​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​អនុលោម​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដោយ​បាន​ចុះ​អង្កេត និង​ត្រួតពិនិត្យ​ទំនិញ​ចម្រុះ​គ្រប់​ប្រភេទ​ដាក់​លក់​នៅ​លើ​ទីផ្សារ​។

ជា​លទ្ធផល នា​ថ្ងៃ​ទី​១៨-១៩ ខែកញ្ញា ឆ្នាំ​២០២៣​នេះ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ការ​ដាក់​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​និង​កុមារ​(​ម្សៅ​ទឹកដោះគោ​) ឃើញ​ថា​អនុលោម​តាម​បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ​១៣៣ ស្តី​ពី​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​និង​កុមារ យ៉ាងណាមិញ​មន្ត្រី​យើង​បាន​រក​ឃើញ​ទំនិញ​ចម្រុះ រួម​មាន ប៊ី​ចេ​ង នំ​កូន​ក្មេង ចាហួយ សាប៊ូ​ដុស​ខ្លួន ទឹកជ្រលក់ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ខូចគុណភាព និង​ជា​ពិសេស​ប្រហិត​ចម្រុះ​ពុំ​អនុលោម​តាម​បទដ្ឋាន​បច្ចេកទេស​ក្នុង​ការ​វេច​ខ្ចប់ សរុប​ចំនួន ១២៧.៨៣​គីឡូក្រាម​។

ទំនិញ​ពុំ​មាន​អនុលោម​ភាព​ទាំងនោះ​ត្រូវ​បាន​មន្ត្រី​យើង​ដកហូត ដើម្បី​បន្ត​នីតិវិធី​នា​ពេល​សម​ស្រប​។ ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​ជំនាញ​បាន​ចែក​និង​បិទ​ផ្ទាំង​រូបភាព​អប់រំ​ផ្នែក​ម្ហូបអាហារ​(Poster) អំពី​របៀប​ទុកដាក់​ទំនិញ និង​របៀប​មើល​កាលបរិច្ឆេទ​ប្រើប្រាស់ មុន​នឹង​ទិញ​មក​ឬ​ដាក់​លក់​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF