បរទេស៖ លោក ចន ឃាប៊ី ដែលជាអ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត The Daily Telegraph ថា ក្នុងអំឡុងពេលនៃការថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងបញ្ជាក់សារជាថ្មីអំពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការពង្រីកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកបាននិយាយថា «យើងច្បាស់ណាស់ថា យើងជឿជាក់ថាវាដល់ពេលដែលត្រូវពិនិត្យមើលទៅលើស្ថាបត្យកម្មនៃក្រុមប្រឹក្សាសន្តិសុខហើយ ដោយយើងជឿថាវាគួរតែមានការរួមបញ្ចូល និងគ្រប់ជ្រុងជ្រោយជាងនេះ»។
លោក ឃាប៊ី បាននិយាយបន្ថែមថា លោក បៃដិន នឹងបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការពង្រីកក្រុមប្រឹក្សាសន្តិសុខនៅក្នុងសប្តាហ៍នេះ។
បច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកអចិន្ត្រៃយ៍ចំនួន៥ គឺប្រទេសរុស្ស៊ី អង់គ្លេស ចិន សហរដ្ឋអាមេរិក និងបារាំង។ ប្រទេសនីមួយៗមានសិទ្ធិវេតូនៅក្នុងក្រុមប្រឹក្សា។ រដ្ឋចំនួន ១០បន្ថែមទៀតដែលត្រូវបានជ្រើសរើសតាមគោលការណ៍ភូមិសាស្ត្រ ដែលមានឋានៈជាសមាជិកមិនអចិន្ត្រៃយ៍។
តំណាងរដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយម្តងហើយម្តងទៀតក្នុងការគាំទ្រដល់ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាពិសេស លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថារបស់លោកនៅឯមហាសន្និបាតកាលពីឆ្នាំមុនថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រដល់ការបង្កើនចំនួនសមាជិកអចិន្ត្រៃយ៍ ដែលត្រូវរួមមានទាំងរដ្ឋនៅអាហ្វ្រិក និងអាមេរិកឡាទីន។ កន្លងមក គេបានដឹងថា ទីក្រុងវ៉ាស៊ីនតោនក៏គាំទ្រដល់ការផ្តល់ឋានៈជាសមាជិកអចិន្ត្រៃយ៍ដល់ប្រទេសឥណ្ឌាផងដែរ។ លើសពីនេះទៀត យោងតាមកាសែត The Daily Telegraph បានឱ្យដឹងថា សហរដ្ឋអាមេរិកចង់ឃើញប្រទេសអាល្លឺម៉ង់ និងជប៉ុននៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលត្រូវបានកែទម្រង់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា