បរទេស៖ កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មានអាស៊ានលើកទី១៦ (AMRI) កិច្ចប្រជុំ AMRI បូក៣ លើកទី៧ និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនានា គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងដាណាងនៃប្រទេសវៀតណាម ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា។
ក្រសួងព័ត៌មាន និងទំនាក់ទំនង (MIC) របស់ប្រទេសវៀតណាមបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងដាណាងកាលពីថ្ងៃទី១៨ ខែកញ្ញាថា ព្រឹត្តិការណ៍ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនេះនឹងមានសមាជិកចំនួន ៩ផ្សេងទៀតរបស់អាស៊ានចូលរួម ដោយប្រទេសទីម័រឡេស្តេជាអ្នកសង្កេតការណ៍ និងមានការចូលរួំពីប្រទេសជាដៃគូចំនួន៣ គឺប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន។
ក្រសួង MIC បាននិយាយថា កិច្ចប្រជុំដែលធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយ៖ ពីព័ត៌មានទៅជាចំណេះដឹងសម្រាប់អាស៊ានដែលមានភាពធន់ និងមានការឆ្លើយតប» ទាំងនោះ នឹងពិភាក្សាអំពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង។ កិច្ចប្រជុំទាំងនោះក៏នឹងបង្កើតយន្តការនៃកិច្ចសហប្រតិបត្តិការសម្រាប់ទប់ទល់នឹងព័ត៌មានក្លែងក្លាយក្នុងប្រព័ន្ធអ៊ីនធើណេត លើកកម្ពស់ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសារព័ត៌មាន និងទំនាក់ទំនង ការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងវិស័យសារព័ត៌មាន និងលើកកម្ពស់ការផ្តល់ព័ត៌មាននៅទូទាំងតំបន់អាស៊ាន និងសម្រាប់ប្រទេសជាដៃគូសន្ទនា។
អនុរដ្ឋមន្ត្រីក្រសួង MIC លោក ង្វៀន ថាញ់ឡាំ បាននិយាយថា ទម្រង់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីកំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីកម្មវិធីថ្មីៗដែលកំពុងផ្លាស់ប្តូរទាំងស្រុងនូវទម្លាប់ស្វែងរកព័ត៌មានរបស់មនុស្ស ហើយការផ្លាស់ប្តូរទាំងនោះនឹងនាំឱ្យមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចជាច្រើន។
អ្នកចូលរួមក្នុងកិច្ចប្រជុំនោះនឹងមានឱកាសចែករំលែកបទពិសោធន៍របស់ប្រទេសពួកគេ ស្នើឡើងនូវគំនិតផ្តួចផ្តើម និងឈានដល់ការឯកភាពគ្នាលើផែនការសកម្មភាពរួមមួយ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ លោកបានកត់សម្គាល់ថា នេះក៏ជាឱកាសមួយដើម្បីបញ្ជាក់ពីតួនាទីដែលមិនអាចខ្វះបានរបស់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។
លោក ឡាំ បាននិយាយបន្ថែមថា ដោយប្រឈមមុខនឹងបញ្ហាជាសកលបែបនេះ អាស៊ានត្រូវបង្កើតដំណោះស្រាយចំពោះបញ្ហាព័ត៌មានក្លែងក្លាយ និងកម្រិតផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យសារព័ត៌មាន។
កិច្ចប្រជុំ AMRI លើកទី១៦ នឹងក្លាយជាវេទិកាសម្រាប់បណ្តារដ្ឋមន្ត្រីនៃបណ្តាប្រទេសអាស៊ានក្នុងការពិភាក្សាគ្នាអំពីការតម្រង់ទិសសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យសារព័ត៌មាន ការផ្សាយតាមវិទ្យុ និងទូរទស្សន៍ ការផ្សាយតាមប្រព័ន្ធអ៊ីនធើណេត និងការកែលម្អការយល់ដឹងរបស់អាស៊ាន។
នៅក្នុងកិច្ចប្រជុំ AMRI បូក៣ លើកទី៧ បណ្តារដ្ឋមន្ត្រីអាស៊ាន និងប្រទេសជាដៃគូសន្ទនាទាំងបី នឹងពិនិត្យមើលទៅលើគំនិតផ្តួចផ្តើម កត្តាអាទិភាព និងទិសដៅសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកសារព័ត៌មាន។
ទន្ទឹមនឹងនោះដែរ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកព័ត៌មាន (SOMRI) ដែលមានមន្រ្តីជាន់ខ្ពស់ចូលរួមចំនួន ២០រូប កិច្ចប្រជុំ SOMRI បូក៣ និងកិច្ចប្រជុំ SOMRI បូកជប៉ុន នឹងក្លាយជាវេទិកាសម្រាប់មន្ត្រីទាំងអស់ពិភាក្សាគ្នាអំពីបញ្ហាដែលត្រូវដាក់ជូនទៅក្នុងកិច្ចប្រជុំ AMRI និង AMRI បូក៣។
យោងតាមក្រសួង MIC បានឱ្យដឹងថា សិក្ខាសាលាមួយចំនួនក៏នឹងត្រូវធ្វើឡើងផងដែរ ដើម្បីពិចារណាទៅលើបញ្ហាមួយចំនួន ដូចជាការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយនៅក្នុងប្រព័ន្ធអ៊ីនធើណេត និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសារព័ត៌មានជាដើម។ សកម្មភាពនៅខាងក្រៅកិច្ចប្រជុំទាំងនោះនឹងរួមបញ្ចូលនូវកិច្ចប្រជុំទ្វេភាគី ការតាំងពិពណ៌រូបថតប្រធានបទអាស៊ាន តំបន់សម្រាប់ដកបទពិសោធន៍ភាពយន្ត និងរូបថតរបស់ប្លុក ព្រមទាំងការផ្លាស់ប្តូរវប្បធម៌៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា