បរទេស៖ ការិយាល័យស្ថិតិជាតិចិនបាននិយាយកាលពីថ្ងៃចន្ទថា ការចំណាយសរុបរបស់ប្រទេសចិនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) មានលើសពីចំនួន ៣ទ្រីលានយ័ន (ប្រហែល ៤១៨,២ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំ២០២២ ដែលកើនឡើង ១០,១% ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ហ្សាង គីឡុង (Zhang Qilong) អ្នកស្ថិតិប្រចាំការិយាល័យបាននិយាយថា ការចំណាយទៅលើការស្រាវជ្រាវ និងអភិវឌ្ឍរបស់ប្រទេសចិនបានកើនឡើង ៧,៧% កាលពីឆ្នាំមុនក្នុងតម្លៃថេរ ដែលខ្ពស់ជាងគោលដៅកំណើនប្រចាំឆ្នាំទៅលើការចំណាយសម្រាប់ R&D ចំនួន៧% ដែលបានកំណត់សម្រាប់រយៈពេលផែនការ ៥ឆ្នាំលើកទី១៤ (ឆ្នាំ២០២១-ឆ្នាំ២០២៥)។
ការចំណាយសរុបរបស់ប្រទេសចិនទៅលើ R&D មានចំនួន ២,៥៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនកាលពីឆ្នាំមុន ដែលកើនឡើង ០,១១% ធៀបនឹងឆ្នាំមុន។
ការចំណាយទៅលើ R&D របស់សហគ្រាស បានរួមចំណែកដល់ ៨៤% នៃកំណើនការចំណាយ R&D របស់ប្រទេស ដែលកើនឡើង ៤,៦% ធៀបនឹងឆ្នាំមុន។
ការវិនិយោគទៅលើការស្រាវជ្រាវជាមូលដ្ឋានបានបន្តកើនឡើងកាលពីឆ្នាំមុន ដែលឈានដល់តម្លៃ ២០០ប៊ីលានយ័ន និងស្មើនឹង ៦,៥៧% នៃការចំណាយសរុបទៅលើ R&D ។
លោក ហ្សាង បាននិយាយថា ប្រទេសចិននឹងបន្តលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យបង្កើនការចំណាយសម្រាប់ R&D និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់មូលធន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា