បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថៈវីស៊ីន កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការជំរុញសេដ្ឋកិច្ចនៃតំបន់ភាគឦសានរបស់ប្រទេសថៃ ជាមួយនឹងផែនការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចល័តជាលើកដំបូងរបស់លោកនៅក្នុងខេត្តណងប៊ូឡាំភូនៅ ក្នុងខែវិច្ឆិកាខាងមុខ។
សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីដំណើរចុះពិនិត្យរបស់លោកទៅកាន់តំបន់ភាគឦសាន ដែលនៅទីនោះ លោកបានរកឃើញបញ្ហាសំខាន់ៗមួយចំនួន ដូចជាប្រជាជនមានប្រាក់ចំណូលទាប បញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន និងផលប៉ះពាល់នៃគ្រោះរាំងស្ងួតចំពោះប្រជាជនក្នុងតំបន់។
ក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោកទៅកាន់ខេត្តណងខៃ លោក ស្រេតថា បានសង្កត់ធ្ងន់ទៅលើសក្តានុពលនៃកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តមួយចំនួន ដូចជាខេត្តខនកែន និងខេត្តអ៊ូដុនថានី ដោយលោកបានលើកឡើងអំពីភាពនៅជិតប្រទេសឡាវ និងអាកាសយានដ្ឋានរបស់ពួកគេដែលអាចជួយជំរុញដល់វិស័យទេសចរណ៍។ លោកក៏បានពិភាក្សាផងដែរអំពីដំណាក់កាលទីពីរនៃគម្រោងរថភ្លើងផ្លូវពីរពីខេត្តខុនកែនទៅខេត្តណងខៃ ដោយលោកបានបញ្ជាក់អំពីសារៈសំខាន់ និងប្រាក់ចំណេញរបស់វា។
រដ្ឋាភិបាលក៏បានបញ្ជាក់យ៉ាងច្បាស់ដែរអំពីផែនការរបស់ខ្លួនក្នុងការសហការជាមួយទីភ្នាក់ងារផ្សេងៗ ដើម្បីបង្កើនមធ្យោបាយសម្រាប់ឧស្សាហកម្មនាំចេញក្នុងស្រុក ដោយធានាថាវានៅតែមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង ដូចជាប្រទេសឡាវ និងចិនជាដើម។
ប្រធានសភាពាណិជ្ជកម្ម និងអ្នកតំណាងវិស័យធុរកិច្ចនៅទីក្រុងណងខៃ កំពុងសម្លឹងមើលទៅលើការកសាងស្ពានតភ្ជាប់ខេត្តណងខៃ និងទីក្រុងវៀងចន្ទន៍របស់ប្រទេសឡាវ ដែលនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៩ និងបានស្នើសុំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់ពាណិជ្ជករ។
ក្រុមនេះក៏បានជំរុញឱ្យមានការគាំទ្រចំពោះផែនការរបស់សាកលវិទ្យាល័យខនកែនក្នុងការបើកសាលាវិស្វកម្មផ្លូវដែកល្បឿនលឿន ដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារនៅក្នុងតំបន់ភាគឦសាន ខណៈដែលមានការតស៊ូមតិសម្រាប់គោលនយោបាយសេដ្ឋកិច្ចដែលគាំទ្រដល់ខេត្តណងខៃ។
លោកនាយករដ្ឋមន្រ្តីបានកត់សម្គាល់ថា លោកមានគម្រោងវិលត្រឡប់ទៅកាន់តំបន់នោះវិញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីតាមដានគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនោះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា