បរទេស៖ ក្រសួងថាមពល និងរ៉ែរបស់ប្រទេសឡាវបានបញ្ជាឱ្យបិទជាបណ្តោះអាសន្ននូវគម្រោងថាមពលនានានៅទូទាំងប្រទេស ដើម្បីបម្រើដល់ការតាក់តែងគោលនយោបាយ និងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យថាមពល។
យោងតាមសេចក្តីជូនដំណឹងដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ក្រសួងនោះបានទាមទារឱ្យផ្អាកជាបណ្តោះអាសន្ននូវការស្រាវជ្រាវ និងការអភិវឌ្ឍគម្រោងថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងអ៊ីដ្រូសែនដែលបានស្នើឡើង រហូតដល់នាយកដ្ឋានគោលនយោបាយ និងផែនការថាមពលបញ្ចប់ផែនការមេស្តីពីការអភិវឌ្ឍវិស័យថាមពល។
ការអនុវត្តនេះមានគោលបំណងធានានូវស្ថិរភាពនៃការអភិវឌ្ឍឧស្សាហកម្មអគ្គិសនី ដែលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា