អភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរគ្រប់ខណ្ឌចុះបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ

0

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿង​ញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យបានខ្លាំងក្លាបំផុត ជាមួយ នឹងការចុះពិនិត្យ​តាមដាន មើលនៅហាងបៀហ្កាឌិន និងហាងផ្សេងៗទៀត ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរ​មនុស្ស​គ្រប់ទម្រង់។ ការជំរុញបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការផ្តល់សេវាតាមយន្តការច្រកចេញ-ចូល តែ មួយ និងការអនុវត្តសេចក្តីសម្រេច ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការផ្អាកការផ្តល់សេវារដ្ឋ​បាលមួយ​ចំនួន​​នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺដើម្បីកាត់បន្ថយការចំណាយរបស់​ប្រជាពល​រដ្ឋ។  ឯកឧត្ដមបានបញ្ជាក់ថា សម្រាប់រដ្ឋបាលរាជធានី ខណ្ឌ ត្រូវយកចិត្តទុក​ដាក់​ឱ្យ​បានខ្លាំងខ្លាបំផុតក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្ត ការផ្អាក​ការ​ផ្តល់​សេវារដ្ឋបាលមួយចំនួនសម្រាប់ប្រជាពលរដ្ឋដែលកំពុងអាជីវកម្មខ្នាតតូចនៅក្នុង មូលដ្ឋាន​របស់ខ្លួនទៅតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តី​ពី​ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

​ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានលើកឡើងថា សម្រាប់ច្រកចេញ-ចូលតែ​មួយ ត្រូវតែបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយគុណភាព តម្លាភាពនិង ទាន់ពេលវេលា ពិសេស ត្រូវតាមដានមើលច្រក ចេញ-ចូលតែមួយនៅ​ថ្នាក់សង្កាត់​ធ្វើ​យ៉ាងណាទម្រង់ទិសអោយមន្ត្រីរបស់យើងអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។  ឯកឧត្ដមបានបញ្ជាក់ផងដែរថា បើទោះបីយើង ផ្អាកការផ្តល់សេវារដ្ឋ​បាលមួយចំនួនក្តី ប៉ុន្តែអាជីវកម្មរបស់ពួកគាត់មួយចំនួននោះ ក៏ត្រូវតែក្នុងដែនសមត្ថកិច្ច​គ្រប់គ្រងរបស់យើងដែរ ដោយក្នុងនាមយើងជាអាណាព្យាបាលពួកគាត់ ត្រូវតែរក្សាឱ្យ​បាននូវសន្តិសុខនិងសណ្តាប់ធ្នាប់ជូនពួកគាត់ ។

​ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ ពិសេសខណ្ឌដូនពេញ ត្រូវបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងឱ្យបានខ្លាំងក្លាបំផុត ជាមួយនឹងការចុះពិនិត្យ​នៅ​តាមកន្លែងកម្សាន្ដសប្បាយ ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា