ប្រធានាធិបតីហ្វាំងឡង់ អំពាវនាវឱ្យលោកខាងលិច រក្សាទំនាក់ទំនងជាមួយរុស្ស៊ី

0

បរទេស៖ ប្រធានាធិបតីហ្វាំងឡង់ លោក សូលី នីនីស្តូ បាននិយាយកាលពីថ្ងៃអាទិត្យថា វាមានសារៈសំខាន់ណាស់សម្រាប់បណ្តាប្រទេសលោកខាងលិចក្នុងការស្វែងរកមធ្យោបាយដើម្បីរក្សាទំនាក់ទំនងជាមួយរុស្ស៊ី។

លោក នីនីស្តូ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំមិនមានន័យថា វាជាមិត្តភាពដ៏អស្ចារ្យនោះទេ ប៉ុន្តែវាជាសមត្ថភាពក្នុងការអត់ធ្មត់ ឬគ្រាន់តែជាការយល់គ្នាទៅវិញទៅមក» ដោយលោកបាននិយាយបន្ថែមថា ការជឿទុកចិត្តនឹងត្រូវការបន្ទាប់ពីការបញ្ចប់នៃជម្លោះអ៊ុយក្រែនដើម្បីធានាថា «សង្រ្គាមថ្មីមួយនឹងមិនមានតាមក្រោយទៀតនោះទេ»។

ដោយនិយាយអំពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ លោក នីនីស្តូ បាននិយាយថា ប្រទេសដែលផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនចាំបាច់ត្រូវគិតគូរអំពីការកើនឡើងដែលអាចកើតមាននៃជម្លោះនោះទៅជា «សង្រ្គាមដ៏ធំមួយ ដែលជាសង្រ្គាមពិភពលោក»។

ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួនបើកចំហសម្រាប់កិច្ចចរចាសន្តិភាព ដរាបណាទីក្រុងគៀវទទួលស្គាល់ការទទួលបាននូវទឹកដីដែលកងកម្លាំងរុស្ស៊ីបានធ្វើចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភព៖ ក្រសួងព័ត៌មាន