ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានស្តង់ដារ ប្រតិបត្តិលើក្រម​សីល​ធម៌​វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្តន៍នៅទូទាំងប្រទេស

0

ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិលើក្រមសីលធម៍វិជ្ជាជីវៈសម្រាប់​អ្នក​សារព័ត៌មានអនុវត្តន៍នៅទូទាំងប្រទេសដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និងគុណ​ភាព​អ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើន​ធនធាន​មនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារល្អ។ នេះជាការថ្លែង​បញ្ជាក់របស់ ឯកឧត្តម  នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជា​ធិបតី​ពិធី​បិទវគ្គបណ្តុះបណ្តាល ស្តីពី  ជំនាញគ្រប់គ្រង  និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌​មាន  ដែលមានអ្នកសារព័ត៌មានចូលរួមប្រមាណ ៣៨១ នាក់ ដែលរៀបចំដោយ សមាគម​អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា  (CJDS ) នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា ។

ឯកឧត្តម នេត្រ ភក្ត្រា បានគួសបញ្ជាក់ពីតូនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅ​ក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់​ទៀត​ថា ក្រម​សីលធម៌ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មានរបស់ក្រសួងព័ត៌មាន ត្រូវទទួលបាន​ការគាំទ្រ​ពី​អ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៍មាននៅកម្ពុជាកានតែល្អប្រសើរ​ឡើង ។

លោកបណ្ឌិត  ហោ  គន្ធា  ប្រធានសមាគមនអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន​កម្ពុជា​​បានជម្រាបជូនពីការៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បី​ពង្រឹង  និងបង្កើនសមត្ថភាព ដល់អ្នកសារព័ត៌មាន ឱ្យកាន់តែមានភាពរឹងមាំនិងប្រសិទ្ធ​​ភាពខ្ពស់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានបានត្រឹមត្រូវ ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានក្រម​សីលធម៌​វិជ្ជាជីវៈសម្រាប់សមាគមសារព័ត៌មាន ឱ្យមានស្តង់ដារួមតែមួយនៅទូទាំងប្រទេស ព្រោះកន្លងមកនេះមានសមាគមច្រើន ហើយមានក្រមសីលធម៌ផ្សេងៗ តែនៅពេល​ខាងមុខនឹងរៀបចំឱ្យមានតែមួយ ដោយហេតុថា ក្រមសីលធម៌គឺជាអាវក្រោះសម្រាប់អ្នក​សារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ក្រសួងព័ត៌​មាន មានគម្រោងផ្តួចផ្តើមបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និង​ទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានឱ្យ​អ្នក​សារព័ត៌មាន កាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃសង្គម ឌីជីថល។

ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកការងារបណ្តុះបណ្តាលទៅដល់អ្នកសារព័ត៌មាន និង​វិស័យទំនាក់ទំនងសាធារណៈ គឺស្របពេលដែលកម្ពុជាដល់ដំណាក់កាលមួយឈានឆ្ពោះ​ទៅរក​ភាពរីកចម្រើនទៅមុខ ដោយនៅឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិត​ខ្ពស់ និង នៅឆ្នាំ២០៥០ គឺជាប្រទេសដែលមានការអភិវឌ្ឍ ។    ឯកឧទ្ដមក៏បាន​រំលេច​ផង​ដែរ​អំពីកម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធ​ផ្សព្វ​ផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកប ដោយគុណភាព ដើម្បីបម្រើឱ្យ​អ្នក​អាន​របស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការ​ផ្តល់​ព័ត៌មានពិត រហ័ស និងមានគុណភាព។

 

 

 

ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មានអះអាងថា បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថភាព​នោះទេ គឺគុណភាពទាំងអស់នោះវានឹងបាត់បង់ទៅដោយខ្លួនឯង ព្រោះប្រជាពលរដ្ឋ​មាន​ចំណេះដឹងច្រើន ដូច្នេះគាត់នឹងមិនយកវេលារបស់ទៅអានអត្ថបទដែលគ្មានន័យខ្លឹម​សារ​នោះទេ ឬក៏ព័ត៌មានដែលមិនមានខ្លឹមសារផ្តល់ជាចំណេះដឹងអ្វីនោះទេ ។ ម្យ៉ាងវិញទៀត អត្ថ​បទខ្លឹមសារព័ត៌មាននោះ វាត្រូវតែឆ្លើយតបទៅនឹងប្រទេសមានភាពរីកចម្រើន ៕​

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា