ប្រទេសមួយនេះត្រៀមកញ្ចប់ថវិកា ២៤លានដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសដល់អ៊ុយក្រែន

0

បរទេស៖ រដ្ឋាភិបាលកាណាដាបាននិយាយកាលពីថ្ងៃអាទិត្យថាប្រទេសកាណាដានឹងផ្តល់វិភាគទានចំនួន ៣៣លានដុល្លារកាណាដា (២៤,៤លានដុល្លារអាម៉េរិក) ដល់ភាពជាដៃគូអន្តរជាតិដែលដឹកនាំដោយចក្រភពអង់គ្លេសដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសដល់ប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា វិភាគទាននេះនឹងជាផ្នែកមួយនៃមូលនិធិដែលមានចំនួន ៥០០លានដុល្លារអាម៉េរិកដែលបានប្រកាសកាលពីខែមិថុនាដោយនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគៀវ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ភាពជាដៃគូត្រូវបានបង្កើតឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលរួមមានប្រទេសដាណឺម៉ាក ហូឡង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដល់ប្រទេសអ៊ុយក្រែន។

សម្ព័ន្ធមិត្តលោកខាងលិចបានចាប់ផ្តើមផ្តល់សព្វាវុធ និងគ្រាប់រំសេវទៅប្រទេសអ៊ុយក្រែនភ្លាមៗបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសនោះកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ វិមានក្រឹមឡាំងបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការកើនឡើងបន្ថែមទៀតដែលអនុវត្តដោយផ្ទាល់របស់អង្គការណាតូនៅក្នុងជម្លោះនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន