ឥណ្ឌូណេស៊ីនឹងមានរោងចក្រអាគុយយានយន្តអគ្គីសនីធំបំផុតនៅអាស៊ីអាគ្នេយ៍

0

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រកាសកាលពីថ្ងៃទី១៤ ខែកញ្ញាថា រោងចក្រថាមពលអាគុយសម្រាប់យានយន្តអគ្គិសនី (EV) នៅទីក្រុងការ៉ាវ៉ាងនៃខេត្តចាវ៉ាខាងលិច ត្រូវបានគេរំពឹងថានឹងក្លាយជារោងចក្រអាគុយ EV ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

រោងចក្រនេះត្រូវបានគ្រប់គ្រងរួមគ្នាដោយក្រុមហ៊ុនកូរ៉េចំនួនពីរ គឺក្រុមហ៊ុន Hyundai និងក្រុមហ៊ុន LG ហើយត្រូវបានដំណើរការតាមរយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ពួកគេគឺ ក្រុមហ៊ុន Hyundai LG Industry (HLI) Green Power ។ ជាមួយនឹងការផលិតដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះ រោងចក្រនេះត្រូវបានគេរំពឹងថានឹងមានសមត្ថភាពផលិតអាគុយបាន ៣០លានបន្ទះ ដែលគ្រប់គ្រាន់សម្រាប់ផលិតយានយន្តអគ្គិសនីបានប្រមាណ ១៨០.០០០គ្រឿង។

ថ្លែងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រនេះ លោក វីដូដូ បានសង្កត់ធ្ងន់ថា ការបង្កើតរោងចក្រនេះស្របតាមមហិច្ឆតារបស់ប្រទេសឥណ្ឌូណេស៊ីដើម្បីក្លាយជាប្រទេសដែលមានប្រព័ន្ធអេកូឡូស៊ី EV ដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និងជាតួអង្គសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ EV សកលលោក។

លោកបានណែនាំបន្ថែមទៀតអំពីសក្តានុពលសម្រាប់ប្រទេសផ្សេងៗទៀតក្នុងការពឹងផ្អែកទៅលើប្រទេសឥណ្ឌូណេស៊ីសម្រាប់ការផ្គត់ផ្គង់បន្ទះអាគុយរបស់ពួកគេ នៅពេលដែលប្រទេសនេះត្រូវបានរួមបញ្ចូលយ៉ាងពេញលេញទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក។

រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី លោក បាហ៊ីល ឡាហាដាលៀ បានបង្ហើបថា ក្រុមហ៊ុន HLI Green Power បានផ្តួចផ្តើមការផលិតសាកល្បងរួចហើយនៅរោងចក្រដែលបានសាងសង់កាលពីពីរឆ្នាំមុនមួយនេះ។ លោកបានបញ្ជាក់ថា ការផលិតជាក់ស្តែងគ្រោងនឹងចាប់ផ្តើមពីខែមីនា ឆ្នាំ២០២៤ ហើយពេលបញ្ចប់ការផលិតនឹងមានការដំឡើងដែលមានកម្លាំងដល់ទៅ ៣០ជីហ្កាវ៉ាត់ម៉ោង៕

ប្រភព៖ ក្រសួងព័ត៌មាន