ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក

0

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ខុទ្ទកាល័យរបស់លោក Yoon បាននិយាយថា នៅសប្តាហ៍ក្រោយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

លោក Kim Tae-hyo អនុទីប្រឹក្សាសន្តិសុខជាតិរបស់ Yoon បាននិយាយថា នៅថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ លោក Yoon គ្រោងនឹងធ្វើដំណើរចាកចេញពីប្រទេសសម្រាប់ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ក្នុងអំឡុងពេលនោះលោកត្រូវបានរំពឹងថា នឹងថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់នៅថ្ងៃទី២០ ខែកញ្ញា។

លោក Kim បាននិយាយទៀតថា ដំណើរទស្សនកិច្ចនេះនឹងរួមបញ្ចូលកិច្ចប្រជុំជាច្រើន រួមទាំងកិច្ចពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដើម្បីពិភាក្សាអំពីបញ្ហាសកលដូចជា សង្គ្រាមនៅអ៊ុយក្រែន និងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងបន្ទាប់ពីជំនួបកំពូលដ៏កម្ររបស់មេដឹកនាំកូរ៉េខាងជើងលោគីម ជុងអ៊ុនជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងសប្តាហ៍នេះ ដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាយោធា និងជំនួយរបស់រុស្ស៊ីដែលអាចកើតមានសម្រាប់កម្មវិធីផ្កាយរណបរបស់កូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បាននិយាយដោយដកស្រង់ពីខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងថា លោក Yoon នឹងជូនដំណឹងស្តីពីការផ្លាស់ប្តូរផ្នែកយោធាទៅវិញទៅមកដែលអាចកើតមានរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូនៅឯមហាសន្និបាត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ