រដ្ឋធានី Kyiv និយាយថា ប្រទេសអ៊ុយក្រែនវាយប្រហារលើនាវាចម្បាំងរុស្ស៊ីនៅតំបន់សមុទ្រខ្មៅ និងបំផ្លាញប្រព័ន្ធការពារដែនអាកាសនៅឧបទ្វីបគ្រីមៀរ

0

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារលើនាវាល្បាតរុស្ស៊ីចំនួនពីរគ្រឿង និងបានបំផ្លាញប្រព័ន្ធការពារដែនអាកាសដ៏ទំនើបមួយនៅភាគខាងលិច នៃឧបទ្វីបគ្រីមៀរដែលត្រូវបានកាន់កាប់ ដោយបង្កើនការវាយប្រហាររបស់ខ្លួន ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់ទីក្រុងម៉ូស្គូ នៅតំបន់សមុទ្រខ្មៅ។

ការវាយប្រហារនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋធានី Kyiv បាននិយាយថា ខ្លួនបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់នាវាមុជទឹក និងនាវាចុះចតរបស់រុស្ស៊ីដែលកំពុងជួសជុល នៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលលើចំណតនាវានៅកំពង់ផែ Crimean នៃទីក្រុង Sevastopol ដែលជាទីតាំងរបស់កងនាវារបស់រុស្ស៊ីនៅតំបន់សមុទ្រខ្មៅ។

នៅក្នុងការបង្ហោះនៅលើបណ្តាញទំនាក់ទំនង Telegram យោធាអ៊ុយក្រែនបាននិយាយថា នៅពេលព្រឹកខ្លួនបានវាយប្រហារលើនាវាល្បាតរុស្ស៊ីចំនួនពីរគ្រឿងនៅភាគនិរតីនៃតំបន់សមុទ្រខ្មៅ ដែលបណ្តាលឲ្យ “ខូចខាតផ្នែកមួយចំនួន”។

មន្ត្រីចារកម្មយោធាលោក Andriy Yusov បានប្រាប់សារព័ត៌មានរ៉យទ័រថា “នាវា (Sergei) Kotov ត្រូវទទួលរងការវាយប្រហារ” និងបានចែករំលែកវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដោយរដ្ឋមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ដែលហាក់ដូចជាបង្ហាញពីយន្តហោះគ្មានមនុស្សបើកបានធ្វើការវាយប្រហារលើនាវានៅផ្ទៃសមុទ្រ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលព្រឹក ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ពីការវាយប្រហារលើនាវា Sergei Kotov ប៉ុន្តែបាននិយាយថា ការវាយប្រហារដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកក្នុងសមុទ្រចំនួនប្រាំគ្រឿងត្រូវបានវាយបកវិញ។ ប៉ុន្តែមិនបាននិយាយអំពីទំហំខូចខាតទេ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ