ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា លោក គីម អញ្ជើញលោក ពូទីន ទៅកាន់កូរ៉េខាងជើង ខណៈដែលលោកបន្តទស្សនកិច្ចនៅរុស្ស៊ី

0

បរទេស​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន បាន​អញ្ជើញ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក ពូ​ទី​ន ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងជើង ក្នុង​អំឡុង​កិច្ច​ពិភាក្សា​របស់​មេដឹកនាំ​ទាំង​ពីរ​ក្នុង​ប្រទេស​រុ​ស្ស៊ី ដោយ​លោក​គី​ម រំពឹង​ថា​នឹង​បន្តដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កន្លែង​ផលិត​សព្វាវុធ​យោធា​។​
​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​និយាយ​ថា លោកពូ​ទី​ន​បាន​ទទួលយក​ការ​អញ្ជើញ​នេះ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​នោះ​ទេ​។​

KCNA បាន​និយាយ​ថា លោក​គី​ម បាន​ប្រាប់​លោកពូ​ទី​ន​ថា កិច្ចប្រជុំ​នៅ​តំបន់ Far East របស់​រុ​ស្ស៊ី​បាន​នាំ​មក​នូវ​ទំនាក់ទំនង​ទ្វេភាគី​កម្រិត​ថ្មី​មួយ និង​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ឲ្យ​មាន​ស្ថិរភាព និង​ទិស​ដៅ​សម្រាប់ ១០០​ឆ្នាំ​នា​ពេល​អនាគត​។​

KCNA បាន​បន្ថែម​ថា ការ​អញ្ជើញ​លោកពូ​ទី​ន របស់​លោក​គី​ម ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង បាន​ធ្វើ​ឡើង​នៅ​ចុងបញ្ចប់​នៃ​ពិធី​ទទួល​ស្វាគមន៍​ដែល​រៀបចំ​ដោយ​ប្រធានាធិបតី​រុ​ស្ស៊ី បន្ទាប់​ពី​មេដឹកនាំ​ទាំង​ពីរ​បាន​ទស្សនា​មជ្ឈមណ្ឌល​អវកាស Vostochny Cosmodrome និង​បាន​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​ទ្វេភាគី និង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​។​

KCNA បាន​បន្ត​ទៀត​ថា “​នៅ​ចុងបញ្ចប់​នៃ​ពិធី​ទទួល​ស្វាគមន៍​នោះ លោក​គី​ម បាន​អញ្ជើញ​លោកពូ​ទី​ន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ក្នុង​ពេល​សម​ស្រប​” ដោយ​សំដៅ​ទៅ​លើ​ឈ្មោះ​ផ្លូវការ​របស់​កូរ៉េ​ខាងជើង​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ