បរទេស៖ មន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយនៅកណ្តាលទីក្រុងសេអ៊ូលនៅចុងខែនេះ ដែលជាព្យហយាត្រាយោធាធំលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយមានរថក្រោះ យន្តហោះចម្បាំង និងទ្រព្យសម្បត្តិទំនើបៗផ្សេងទៀត ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទិវាកងកម្លាំងប្រដាប់អាវុធ។
កងទាហានប្រមាណ ៤.០០០នាក់ និងសម្ភារៈយោធាជាង ១៧០គ្រឿង រួមទាំងរថក្រោះប្រយុទ្ធប្រភេទខេ២ គ្រាប់មីស៊ីលថាមពលខ្ពស់ថ្មី និងសម្រាប់វាយប្រហារយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ប្រទេសកូរ៉េខាងត្បូង នឹងធ្វើព្យុហយាត្រាពីច្រកតំបន់ស៊ុងន៍យេមុន ទៅកាន់ទីលានតំបន់ហ្គ្វាងហ៍វ៉ាមុន នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ដ៏សំខាន់មួយនេះ។
មន្ត្រីម្នាក់បាននិយាយថា ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះនឹងដំណើរការក្រោមប្រធានបទ «យោធារឹងមាំ សន្តិសុខរឹងមាំ និងសន្តិភាពតាមរយៈភាពខ្លាំង» ដើម្បីបង្ហាញពីការតាំងចិត្តរបស់យោធាក្នុងការការពារប្រទេស ដោយផ្តោតសំខាន់លើការផ្ញើសារមួយប្រឆាំងទៅនឹងការបង្កហេតុរបស់ប្រទេសកូរ៉េខាងជើង។
កងទ័ពប្រយុទ្ធជាង ៣០០នាក់ មកពីកងទ័ពសហរដ្ឋអាមេរិកទី៨ ក្រោមកងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េ ក៏នឹងចូលរួមនៅក្នុងក្បួនដង្ហែជាលើកដំបូងនេះផងដែរ ដែលជាការបង្ហាញអំពីគោលជំហរការពារជាតិរួមគ្នា ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពរបស់ពួកគេនៅក្នុងឆ្នាំនេះ។
ព្រឹត្តិការណ៍នេះក៏គ្រោងនឹងបង្ហាញការហោះហើរទ្រង់ទ្រាយធំដោយយន្តហោះជាង ១០០ គ្រឿង រួមទាំងយន្តហោះចម្បាំងខេអេហ្វ-២១ យន្តហោះចម្បាំងបំបាំងកាយអេហ្វ ៣៥អេ និងឧទ្ធម្ភាគចក្រធុនស្រាលរបស់កូរ៉េខាងត្បូងផងដែរ។ យោធាសហរដ្ឋអាមេរិកក៏នឹងបញ្ជូនយន្តហោះចំនួនប្រាំពីរគ្រឿងដែរ ដោយក្នុងនោះមានយន្តហោះអេហ្វ-១៦ យន្ដហោះអេ-១០ និងយន្ដហោះអេហ្វ-៣៥៕
ប្រភព៖ ក្រសួងព័ត៌មាន