បរទេស៖ យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយទៅកាន់សមុទ្រខាងកើតកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលដ៏កម្រមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
អគ្គសេនាធិការចម្រុះបានប្រកាសពីការបាញ់មីស៊ីលនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ដោយរង់ចាំការវិភាគសិន។
ការវាយលុកចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាង បានកើតឡើងនៅពេលដែលមេដឹកនាំរបស់ប្រទេសនេះ បានចាកចេញទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ដើម្បីជួបជាមួយលោក ពូទីន ចំពេលដែលមានការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងសព្វាវុធដែលអាចគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។
ប្រទេសកូរ៉េខាងជើងបានបន្តជំរុញការសាកល្បងសព្វាវុធ ដើម្បីផ្គើនទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមប្រាមប្រទេសនេះពីការបាញ់សាកល្បងដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង។ប្រទេសនេះបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរលើកចុងក្រោយកាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ៕
ប្រភព៖ ក្រសួងព័ត៌មាន