បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣នេះ ថាការងារថែទាំជាប្រចាំផ្លូវជាតិផ្លូវខេត្តនិងបណ្ដាផ្លូវផ្សេងៗទៀតជាកិច្ចការដ៏សំខាន់ដែលមន្ទីរជំនាញបាននិងកំពុងបង្កើនការយកចិត្តទុកដាក់ដើម្បីធានាដល់ការប្រើប្រាស់ផ្លូវថ្នល់បានយូរអង្វែងនោះ។ លោក សុក ចាន់ថា បានលើកឡើងថា ក្រុមការងារជំនាញដែលបាននិងកំពុងធ្វើសកម្មភាពប៉ុន្មានថ្ងៃនេះបន្តការងារជួសជុលផ្លូវជាតិលេខ៥ ចាប់ពីគីឡួម៉ែត្រ ៣៣៣+៧០០ ដល់គីឡូម៉ែត្រ៣៥០+៥០០ ដោយសម្អាតរុក្ខជាតិសងខាងផ្លូវ ស្ថិតនៅស្រុកមង្គលបូរីផ្លូវជាតិលេខ៥៩ ចាប់ពីគីឡូម៉ែត្រ ៣+០០០ ដល់គីឡូម៉ែត្រ ៤+៥០០ ដោយសម្អាតរុក្ខជាតិសងខាងផ្លូវ ស្ថិតនៅក្រុងប៉ោយប៉ែត។លោកប្រធានមន្ទីរបានបន្ដថា ជួសជុលផ្លូវខេត្តលេខ២៦៨A ចាប់ពីគីឡូមែត្រ ៨+២០០ ដល់គីឡូម៉ែត្រ ៣៩+០០០ ដោយស្រោចកៅស៊ូបាចថ្មលើថ្នល់ប្រេះមួយជាន់ស្ថិតនៅស្រុកភ្នំស្រុក។ ជាមួយគ្នានេះ ជួសជុលផ្លូវខេត្តលេខ២៥៦៣ ចាប់ពីគីឡូម៉ែត្រ៧+២០០ ដល់គីឡូម៉ែត្រ ៧+៩០០ ដោយស្រោចកៅស៊ូបាចថ្មលើថ្នល់ប្រេះមួយជាន់ស្ថិតនៅស្រុកថ្មពួក។
លោកប្រធានមន្ទីរសាធារណការខេត្ដក៏បានបញ្ជាក់ឱ្យដឹងដែរថាមន្ទីរសាធារណការនឹងបន្តចុះពិនិត្យមើលតាមផ្លូវនានាដើម្បីធ្វើការជួសជុលថែទាំដោយមិនទុកឱ្យរងការខូចខាតធ្ងន់ធ្ងរនោះទេដែលរហូតបង្កការលំបាកក្នងការធ្វើដំណើរនិងដឹកជញ្ជូន។ លោកប្រធានមន្ទីរក៏បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនសូមមេត្តាចូលរួមគោរពច្បាប់ដោយមិនត្រូវផ្ទុកទំនិញលើសទម្ងន់កំណត់ដែលនាំឱ្យខូចផ្លូវ ជាពិសេសអ្នកបើកបរត្រូវគោរពច្បាប់និងមិនត្រូវប្រើប្រាស់គ្រឿនញៀនឡើយ។
លោក សុក ចាន់ថា បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្សត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់គ្នាដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនោះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា