អាជ្ញាធរនៅភាគខាងកើតប្រទេសលីប៊ីបាននិយាយថា មនុស្ស ២,០០០នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់ និងរាប់ពាន់នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

0

បរទេស៖ អាជ្ញាធរនៅភាគខាងកើតប្រទេសលីប៊ី បាននិយាយថា មនុស្ស យ៉ាងហោចណាស់ ២,០០០នាក់ បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ ដ៏ធំមួយបានវាយប្រហារពេញទីក្រុង Derna បន្ទាប់ពីមានខ្យល់ព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។

នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ លោក Ahmed Mismari  អ្នកនាំពាក្យនៃកងទ័ពជាតិលីប៊ី (LNA) ដែលគ្រប់គ្រងភាគខាងកើតប្រទេសលីប៊ីបាននិយាយថា គ្រោះមហន្តរាយបានកើតឡើងបន្ទាប់ ពីទំនប់ទឹកនៅពីលើតំបន់ Derna បានបាក់ ដោយ”បានគួចយកហេដ្ឋារចនាសម្ព័ន្ធក្នុងសង្កាត់ទាំងមូល និងប្រជាជនចូលទៅក្នុងសមុទ្រ”។ លោក Missari បានកំណត់ចំនួននៃការបាត់ខ្លួននៅចន្លោះ ៥,០០០ ទៅ៦,០០០នាក់។

កាលពីព្រឹកថ្ងៃចន្ទ ប្រធានក្រុមជំនួយព្រះចន្ទក្រហមក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងតំបន់ Derna មាន ១៥០នាក់ ហើយរំពឹងថានឹងកើនឡើងដល់ ២៥០។ ប៉ុន្តែសារព័ត៌មានរ៉យទ័រមិនអាច ផ្ទៀងផ្ទាត់ភ្លាមៗនូវតួលេខទាំងពីរនេះបានទេ។

ប្រទេសលីប៊ីត្រូវបានបែងចែកផ្នែកនយោបាយរវាងភាគខាងកើត និងខាងលិច និងសេវាសាធារណៈ បានដួលរលំចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូឆ្នាំ ២០១១ ដែលបានជំរុញឲ្យមានជម្លោះ ជាច្រើនឆ្នាំ។ ហើយរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិនៅទីក្រុង Tripoli មិនគ្រប់គ្រងតំបន់ភាគខាងកើតទេ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ