បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយបន្ថែមថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ីនោះ កិច្ចចរចារវាងគណៈប្រតិភូ ហើយប្រសិនបើចាំបាច់នឹងមានកិច្ចប្រជុំមួយទល់មួយជាមួយលោក ពូទីន ត្រូវបានគ្រោងទុក។
នៅពេលមុននេះ លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង រក្សាទំនាក់ទំនងប្រកបដោយការគោរពគ្នាទៅវិញទៅមក ហើយទំនាក់ទំនងប្រព្រឹត្តទៅនៅក្នុងកម្រិតផ្សេងៗ។
កាលពីខែកក្កដា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ែរហ្គេយ សូហ្គូ បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង ដោយមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខពិភពលោក និងតំបន់។ រដ្ឋមន្ត្រីរុស្ស៊ីក៏បានចូលរួមនៅក្នុងក្បួនព្យុហយាត្រាយោធាក្នុងឱកាសខួបលើកទី៧០ នៃបទឈប់បាញ់គ្នាក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ផងដែរ។
ដំណើរទស្សនកិច្ចចុងក្រោយរបស់មេដឹកនាំកូរ៉េខាងជើងទៅក្រៅប្រទេស គឺដំណើរទស្សនកិច្ចទៅទីក្រុងវ៉្លាឌីវ៉ូស្តុកកាលពីក្នុងឆ្នាំ២០១៩ ដែលនៅទីនោះ លោកបានចូលរួមកិច្ចប្រជុំកំពូលជាលើកដំបូងជាមួយលោក ពូទីន។ បន្ទាប់ពីកិច្ចប្រជុំកំពូលនោះ លោក ពូទីន បានហៅលោក គីម ថាជា «មនុស្សបើកចំហ» ដោយលោកបាននិយាយថា ពួកគេបានពិភាក្សាគ្នាយ៉ាងលម្អិត និងបើកចំហអំពីការដាក់ទណ្ឌកម្ម បញ្ហារបស់សហរដ្ឋអាមេរិក និងការរំសាយអាវុធនុយក្លេអ៊ែរ។
ជារួម លោក គីម បានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់កិច្ចសន្ទនាដ៏សំខាន់មួយទៅលើបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយបានសម្តែងក្តីសង្ឃឹមថា កិច្ចចរចានឹងបន្តក្នុងវិធីស្ថាបនាស្រដៀងគ្នា៕
ប្រភព៖ ក្រសួងព័ត៌មាន