បរទេស៖ កាលពីថ្ងៃអាទិត្យ អ្នកដែលរស់រានមានជីវិត បន្ទាប់ពីការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសម៉ារ៉ុក ដែលមិនធ្លាប់មានក្នុងរយៈពេលជាង០៦ ទសវត្សរ៍ មកនេះ បានស្វះស្វែងរកអាហារ ទឹក និងទីជម្រកខណៈដែលការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត នៅក្នុង ភូមិដាច់ស្រយាល ហើយអ្នកស្លាប់មានចំនួនជាង ២,១០០នាក់ និងទំនងនឹងកើនឡើងបន្ថែមទៀត។
នៅយប់ទីបី មានមនុស្សជាច្រើនបានចំណាយពេលពេញមួយយប់នៅលើទីវាល បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត ៦,៨រិចទ័របានវាយប្រហារកាលពីល្ងាចថ្ងៃសុក្រ។ បុគ្គលិកសង្គ្រោះប្រឈម នឹងបញ្ហាពិបាកក្នុងការ ទៅដល់ភូមិដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅតំបន់ High Atlas ដែលជាជួរភ្នំដ៏រដិបរដុប និងជាទីតាំង មានលំនៅដ្ឋានឆ្ងាយដាច់ពីគ្នា និងមួយចំនួនធំបានដួលរលំ។
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២,១២២នាក់ និងមនុស្សចំនួន ២,៤២១នាក់ បានរងរបួស។ ប្រទេសម៉ារ៉ុកបាននិយាយថា ខ្លួននឹងទទួលយកបុគ្គលិកសង្គ្រោះពីបណ្តា ប្រទេសផ្សេងៗ ហើយនឹងធ្វើការសម្របសម្រួលប្រសិនបើមានការចាំបាច់ នេះបើយោងតាម ទូរទស្សន៍រដ្ឋ។
ការខូចខាតដែលបានកើតឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់ប្រទេសម៉ារ៉ុកកាន់តែបង្ហាញឲ្យឃើញកាន់តែច្បាស់នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការដួលរលំនៃវិហារអ៊ីស្លាមដ៏សំខាន់ មួយដែលត្រូវបានសាងសង់ក្នុងក្នុងសតវត្សទី១២ និងការខូចខាតផ្នែកខ្លះនៃទីក្រុងចាស់ Marrakech ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ