បរទេស៖ កាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក មួយក្រុមបាននិយាយថា មានជនស៊ីវិលយ៉ាងហោចណាស់ ៤០នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបាន រងរបួសនៅក្នុងការវាយប្រហារតាមអាកាស ដោយកងទ័ពនៅលើផ្សារមួយនៅភាគខាងត្បូងរដ្ឋធានី Khartoum និងបានក្លាយជាឧបទ្ទវហេតុមួយដែលមានចំនួនអ្នកស្លាប់ច្រើនលើសលប់ ចាប់តាំងពីសង្រ្គាម នៅក្នុងប្រទេសស៊ូដង់បានចាប់ផ្តើមកាលពីខែមេសា។
ការវាយប្រហារតាមអាកាស និងដោយកាំភ្លើងធំទៅលើតំបន់លំនៅដ្ឋានកាន់តែកើនឡើងខ្លាំង នៅពេលដែលសង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) អស់រយៈពេលប្រហែលប្រាំខែ ដោយមិនមានភាគីណាមួយប្រកាសពីជ័យជម្នះ ឬបង្ហាញសញ្ញា ច្បាស់លាស់នៃការបន្តការសម្រុះសម្រួលឡើយ។
សាក្សីម្នាក់ដែលបានឃើញហេតុការវាយប្រហារនេះបានប្រាប់សារព័ត៌មានរ៉យទ័រ ដោយស្នើសុំមិនបញ្ចេញឈ្មោះដោយហេតុផលសុវត្ថិភាពថា កាលពីព្រឹកថ្ងៃអាទិត្យ យន្តហោះគ្មានមនុស្សបើកបានធ្វើការវាយប្រហារតាមអាកាសយ៉ាងសន្ធឹកសន្ធាប់ជាបន្តបន្ទាប់នៅភាគខាងត្បូងនៃរដ្ឋធានី Khartoum ដែលជាស្រុកដ៏ធំមួយនៃទីក្រុង ដែលកាន់កាប់ភាគច្រើនដោយកងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា (RSF) ។
រូបភាពដែលបានចែកចាយដោយក្រុមអ្នកស្ម័គ្រចិត្តក្នុងតំបន់ដោយបានហៅថាជា បន្ទប់សង្គ្រោះបន្ទាន់ Southern Khartoum បានបង្ហាញឲ្យឃើញពីស្ត្រី និងបុរសជាច្រើននាក់បានរងរបួស និងអ្វីដែលមើលទៅដូចជាសាកសពដែលគ្របដណ្ដប់ដោយក្រណាត់ និងសាកសពផ្សេងទៀតបានគរ លើគ្នា ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ