បរទេស៖ អង្គការ UNESCO បានចេញផ្សាយការណែនាំដំបូង ស្ដីអំពីការប្រើប្រាស់ Generative AI សម្រាប់ការអប់រំ ដោយជំរុញឱ្យរដ្ឋាភិបាលតាមប្រទេសនីមួយៗ គ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងការការពារឯកជនភាពទិន្នន័យ និងការកំណត់កម្រិតអាយុសម្រាប់អ្នកប្រើប្រាស់ ខណៈ Gen AI បានក្លាយជាបច្ចេកវិទ្យាដ៏មានប្រជាប្រិយភាពមួយ ក្នុងចំណោមសិស្ស និស្សិត ដោយសារភាពឆ្លាតវៃរបស់បច្ចេកវិទ្យានេះ ដែលឆ្លើយសំណួរ សរសេរអត្ថបទ សរសេរកូដ និងដោះស្រាយបលំហាត់គណិតវិទ្យាជាដើម។
លោកស្រី Stefania Giannini ជំនួយការអគ្គនាយកផ្នែកអប់រំនៃអង្គការ UNESCO បានគូសបញ្ជាក់ថា៖ «យើងកំពុងជួបឧបសគ្គក្នុងការបន្ស៊ីល្បឿននៃការផ្លាស់ប្ដូរប្រព័ន្ធអប់រំ ទៅនឹងល្បឿននៃការវិវត្តបច្ចេកវិទ្យា និងភាពជឿនលឿននៃម៉ាស៊ីនចេះរៀន។ មានរដ្ឋាភិបាល និងសាលារៀនជាច្រើន កំពុងទទួលយកបច្ចេកវិទ្យា ដែលមិនស្គាល់ច្បាស់អំពីឥទ្ធិពលរបស់វាមកប្រើប្រាស់ ខណៈដែលសូម្បីតែអ្នកបច្ចេកទេសក៏មិនទាន់បញ្ជាក់ថា ស្គាល់បច្ចេកវិទ្យានេះច្បាស់ផងនោះ។»
នៅក្នុងគោលការណ៍ណែនាំចំនួន ៦៤ទំព័រ អង្គការយូណេស្កូ បានសង្កត់ធ្ងន់លើតម្រូវការ ដែលតម្រូវឱ្យរដ្ឋាភិបាលត្រូវគិតគូរអំពីច្បាប់នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) សម្រាប់ការអប់រំនៅសាលា និងការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
UNESCO ក៏បានលើកឡើងថា៖ «អ្នកផ្ដល់សេវា GenAI គួរតែទទួលខុសត្រូវ និងធានានូវការប្រកាប់ខ្ជាប់នូវគុណតម្លៃស្នូល និងស្របតាមច្បាប់ ការគោរពកម្មសិទ្ធិបញ្ញា និងក្រមសីលធម៌ ព្រមទាំងទប់ស្កាត់ការចែករំលែកព័ត៌មានមិនពិត និងការនិយាយដែលនាំឱ្យមានការស្អប់គ្នាជាដើម»។ លើសពីនេះ អង្គការ UNESCO ក៏បានអំពាវនាវឱ្យមានការទប់ស្កាត់ឥទ្ធិពលរបស់ GenAI ដែលអាចធ្វើឱ្យសិស្សបាត់បង់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពយល់ដឹង និងជំនាញសង្គម តាមរយៈការសង្កេតទិដ្ឋភាពសង្គមជាក់ស្ដែង ការអនុវត្តជាក់ស្ដែង ដូចជា ការពិសោធន៍ កិច្ចពិភាក្សាក្រុម និងជជែកវែកញែករកហេតុផល។
ទន្ទឹមនេះ ប្រទេសចិនក៏បានបង្កើតច្បាប់ស្ដីអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ផងដែរ ខណៈច្បាប់ស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) របស់សហភាពអឺរ៉ុបទំនងជានឹងត្រូវអនុម័តនៅចុងឆ្នាំនេះ។ ដោយឡែក ប្រទេសផ្សេងទៀត ក៏កំពុងតែតាក់តែច្បាប់ស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) ទៅតាមបរិបទនៃប្រទេសខ្លួនឯងដែរ។
យ៉ាងណាក៏ដោយ អង្គការ UNESCO ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ក៏បានសិក្សាអំពី ការពារសិទ្ធិគ្រូបង្រៀន និងអ្នកស្រាវជ្រាវ ព្រមទាំងគុណតម្លៃនៃការអនុវត្តការងាររបស់ពួកគេនៅពេលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា