ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រកាសអំពីការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១លាន៥សែននាក់ ព្រមទាំងមានការសម្របសម្រួលឱ្យបងប្អូនកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរនោះ សហជីពក៏បានធ្វើអំពាវនាវដល់បងប្អូនកម្មករត្រៀមខ្លួនចូលរៀនជំនាញបន្ថែម ដើម្បីជាទុនចាប់យកឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់ ក្នុងបរិបទទីផ្សារការងារថ្មីនាពេលបច្ចុប្បន្ន និងអនាគត។
លោកស្រី សៀ គន្ធា ប្រធានសហជីពការងារស្ត្រីកម្ពុជាលើកឡើងថា នៅពេលកម្មករមានជំនាញវិជ្ជាជីៈច្បាស់លាស់ ពួកគេនឹងអាចទទួលបានចំណូលល្អប្រសើរសម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះការមានជំនាញច្បាស់លាស់នេះ គឺជាទន់មួយនៅពេលពួកគេជួបហានិភ័យក៏មានចំណេះជំនាញអាចរកចំណូលផ្គត់ផ្គង់បានផងដែរ។ លោកស្រី បញ្ជាក់ថា បងប្អូនកម្មករត្រូវចេះផ្លាស់ប្តូរគំនិត និងព្យាយាមស្វែងរកចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍន៍មុខរបរឱ្យបានរីកចម្រើន ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។
ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានឱ្យដឹងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងធ្វើឱ្យកម្មករមានចំណេះការងារពិតប្រាកដក្នុងការអភិវឌ្ឍជំនាញ ឬអាចបើកអាជីវកម្មបានថែមទៀតផង។ លោកគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បើនិយាយពីវិស័យកាត់ដេរ លោកមើលឃើញថា ភាគច្រើនអ្នកគ្រប់គ្រងគឺជាជនបរទេស ពួកគេមានប្រាក់ខែច្រើនគុណនឹងមួយ គុណនឹងពីរ ឬគុណនឹងបី។ ដូច្នេះ ប្រសិនបើកម្មករយើងមានជំនាញច្បាស់លាស់ នោះយើងនឹងទទួលបានប្រាក់ចំណូលខ្ពស់ដូចគេដែរ។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈលើយុវជនប្រមាណ១លាន៥សែននាក់ដែលរួមមានទាំងកម្មករនេះ គឺជាចំណុចមួយក្នុងចំណោមអនុសាសន៍ចំនួន៥ផ្សេងទៀតដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីធ្វើឱ្យប្រសើរឡើងនៃវិស័យកាត់ដេរជាពិសេសភាពប្រសើរឡើងនៃលក្ខខណ្ឌការងាររបស់កម្មករ និងការបង្កើនលទ្ធភាពការងារក្នុងគោលដៅធ្វើឱ្យប្រសើរឡើងជាលំដាប់នូវជីវភាពរបស់ប្រជាពលរដ្ឋដែលមកពីគ្រួសារងាយរងគ្រោះដែលក្នុងនោះមានកម្មករផងដែរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា