បរទេស៖ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន កំពុងជំរុញឱ្យបណ្តាមេដឹកនាំនៃក្រុមប្រទេស G20 ឆ្លើយតបនឹងការទាមទារមួយចំនួនរបស់រុស្ស៊ី ដើម្បីព្យាយាមស្តារកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិឡើងវិញ។ នេះបើយោងតាមគេហទំព័រសារព័ត៌មានប្ល៊ូមបឺកដែលបានដកស្រង់សម្តីមន្ត្រីតួកគី។
ទីភ្នាក់ងារសារព័ត៌មាននោះបាននិយាយដោយដកស្រង់ប្រភពដែលដឹងពីកិច្ចពិភាក្សានោះថា លោក អឺដូហ្គែន កំពុងធ្វើការងារជំរុញនៅក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយបណ្តាមេដឹកនាំនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលីកាលពីចុងសប្តាហ៍មុន។
ប្រទេសតួកគីកំពុងស្នើសុំឱ្យបណ្តាមេដឹកនាំពិភពលោក «ជួយសម្រួលដល់ការធានារ៉ាប់រងទៅលើការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ី និងភ្ជាប់ទីក្រុងមូស្គូឡើងវិញទៅនឹងប្រព័ន្ធ SWIFT សម្រាប់ការទូទាត់ជាអន្តរជាតិ»។
មន្រ្តីតួកគីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាននោះថា ប្រទេសតួកគីកំពុងប្រាប់សមភាគីលោកខាងលិចរបស់ខ្លួនថា មធ្យោបាយដើម្បីស្តារកិច្ចព្រមព្រៀងនោះឡើងវិញ គឺដើម្បីបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនដែលរារាំងទីក្រុងមូស្គូពីការនាំចូលឧបករណ៍កសិកម្ម៕
ប្រភព៖ ក្រសួងព័ត៌មាន