លោក ពូទីន នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន និងអនុប្រធានាធិបតីឡាវ នៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា

0

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីចិន និងអនុប្រធានាធិបតីឡាវ នៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF)។ នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់ក្រុមអ្នកសារព័ត៌មាន។

លោក ប៉េសកូវ បាននិយាយថា «លោក ពូទីន នឹងមានទំនាក់ទំនងអន្តរជាតិ។ អនុប្រធានាធិបតីឡាវ លោកស្រី ប៉ានី យ៉ាថូទូ នឹងក្លាយជាភ្ញៀវបរទេសដ៏សំខាន់នៅក្នុងវេទិកានោះ។

លោកស្រីនឹងចូលរួមក្នុងសម័យប្រជុំពេញអង្គនៃវេទិកានោះនៅថ្ងៃទី១២ ខែកញ្ញាស្អែកនេះ រួមជាមួយលោកប្រធានាធិបតី ពូទីន។ ប្រមុខរដ្ឋរបស់រុស្ស៊ីនឹងមានការប្រជុំដាច់ដោយឡែកមួយជាមួយលោកស្រី នៅមុនពេលសម័យប្រជុំពេញអង្គនៃវេទិកានោះ»។

លើសពីនេះទៀត លោក ពូទីន នឹងជួបប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក ហ្សាង ហ្កូឈីង ដែលនឹងធ្វើទស្សនកិច្ចទៅទីក្រុងវ៉្លាឌីវ៉ូស្តុក និងចូលរួមក្នុងវេទិកា EEF។ លោក ប៉េសកូវ បាននិយាយថា បញ្ហាបូព៌ា និងកិច្ចការពិភពលោកនឹងស្ថិតនៅក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គនៃវេទិកា EEF ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញាស្អែកនេះ ដោយមានការចូលរួមពីប្រធានាធិបតីរុស្ស៊ី។

លោកបាននិយាយថា «សម័យប្រជុំពេញអង្គ គឺតែងតែជាព្រឹត្តិការណ៍ស្នូលដែលត្រូវបានរំពឹងទុកនៅក្នុងវេទិកានោះ។ កិច្ចពិភាក្សានោះនឹងផ្តោតសំខាន់ទៅលើបញ្ហាបូព៌ា និងប្រធានបទនៃការអភិវឌ្ឍ។ ជាប្រពៃណី វាតែងតែគ្របដណ្តប់ទៅលើបញ្ហាសកលលោក និងប្រធានបទផ្សេងទៀតទាក់ទងនឹងការអភិវឌ្ឍប្រទេសរបស់យើង»៕

ប្រភព៖ ក្រសួងព័ត៌មាន