ឥណ្ឌូណេស៊ី និង​ចិន ​ពិភាក្សា​គ្នាអំពី​វិធានការ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និងការវិនិយោគ

0

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ និងនាយករដ្ឋមន្ត្រីចិន លោក លី ឈៀង បានពិភាក្សាគ្នាអំពីវិធីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីនៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី៨ ខែកញ្ញា បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ប្រទេសចិន លោក លី បានបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកការនាំចូលទំនិញ ផលិតផលកសិកម្ម និងផលិតផលជលផលកម្រិតខ្ពស់របស់ប្រទេសឥណ្ឌូណេស៊ី។

ទន្ទឹមនឹងនេះដែរ លោក វីដូដូ ក៏បានអញ្ជើញជាពិសេសសម្រាប់បណ្តាក្រុមហ៊ុនចិន រួមទាំងក្រុមហ៊ុនឯកជន និងរដ្ឋ ឱ្យចូលរួមនៅក្នុងគម្រោងមួយដែលមានតម្លៃ ៣២ប៊ីលានដុល្លារអាម៉េរិក ដើម្បីសាងសង់រដ្ឋធានីថ្មីនូសាន់តារ៉ារបស់ប្រទេសឥណ្ឌូណេស៊ី។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការតភ្ជាប់ជើងហោះហើររវាងឥណ្ឌូណេស៊ី និងចិនផងដែរ។

កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ីជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីជាង ១៣៣ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំមុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមតុល្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានតុល្យភាព ហើយថែមទាំងមានលទ្ធភាពដែលប្រទេសឥណ្ឌូណេស៊ីអាចសម្រេចបានអតិរេកពាណិជ្ជកម្មនៅក្នុងឆ្នាំនេះផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន