បរទេស៖ អាជ្ញាធរចិនបាននិយាយកាលពីថ្ងៃពុធថា មនុស្សជាង ៣៦.០០០នាក់នៅក្នុងទីក្រុងហ្វូហ៊ូនៃខេត្តហ្វូជៀនភាគខាងកើតប្រទេសចិន ត្រូវបានជម្លៀសចេញជាបណ្ដោះអាសន្ន ខណៈដែលព្យុះទីហ្វុងហៃគុយ (Haikui) បាននាំមកនូវព្យុះភ្លៀងខ្លាំង។
គិតត្រឹមម៉ោង ៧:០០ព្រឹកថ្ងៃពុធ ភ្លៀងធ្លាក់ខ្លាំងបានបង្កការខូចខាតដល់សង្កាត់ចំនួន១៤៧ នៃទីក្រុងនោះ ដែលនាំឱ្យមានការខាតបង់សេដ្ឋកិច្ចជាង ៥៥២លានយ័ន (ប្រហែល ៧៦,៧លានដុល្លារអាម៉េរិក)។ នេះបើយោងតាមទីស្នាក់ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ទីក្រុង។
តំបន់ជាច្រើននៃទីក្រុងបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងចាប់ពីម៉ោង ៩:០០យប់ថ្ងៃអង្គារ ដល់ម៉ោង ៥:០០ព្រឹកថ្ងៃពុធ ដោយបានបំបែកកំណត់ត្រាទឹកភ្លៀងអតិបរមាចំនួន ៣ម៉ោង និង៦ម៉ោងនៃស្ថានីយ៍អាកាសធាតុជាតិវូសាន។
សាលាបឋមសិក្សា សាលាមធ្យមសិក្សា មត្តេយ្យសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលក្រៅម៉ោងនៅតែត្រូវបានផ្អាកកាលពីថ្ងៃពុធ ហើយរថយន្តក្រុងក្នុងទីក្រុង រថភ្លើងក្រោមដី រថភ្លើង និងរថយន្តក្រុងដឹកជញ្ជូនតាមអាកាសយានដ្ឋានបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ រមណីយដ្ឋាន និងឧទ្យាននានាត្រូវបានបិទជាបណ្តោះអាសន្ន។
ខេត្តហ្វូជៀនបានបង្កើនការឆ្លើយតបជាបន្ទាន់សម្រាប់ភ្លៀងធ្លាក់ខ្លាំងដល់កម្រិត២ នៅម៉ោង ១១:០០យប់ថ្ងៃអង្គារ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា