បរទេស៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី បានដាក់បង្ហាញផែនការចំនួន ១២ចំណុចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសនៅអាស៊ីខាងត្បូងមួយនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន – ឥណ្ឌានៅទីក្រុងហ្សាការតាកាលពីថ្ងៃទី៧ ខែកញ្ញា។
ខណៈដែលសតវត្សរ៍ទី២១ ជាសតវត្សរ៍របស់តំបន់អាស៊ី លោកនាយករដ្ឋមន្រ្តី ម៉ូឌី បាននិយាយថា វាចាំបាច់ណាស់ក្នុងការបង្កើតសណ្តាប់ធ្នាប់ និងកិច្ចខិតខំប្រឹងប្រែងទូទាំងពិភពលោកដែលមានមូលដ្ឋានលើច្បាប់សម្រាប់សុខុមាលភាពរបស់មនុស្សជាតិ។
លោកបានសង្កត់ធ្ងន់ថា ផលប្រយោជន៍រួមរបស់ប្រទេសឥណ្ឌា និងអាស៊ានក្នុងការពង្រឹងសំឡេងរបស់ភាគខាងត្បូងសកលលោក និងធានានូវសេរីភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសឥណ្ឌាក្នុងការសហការជាមួយសមាជិកអាស៊ានទាំងអស់ដើម្បីដឹងពីគោលបំណងទាំងនេះ។
ផែនការនេះមានវិសាលភាពទូលំទូលាយនៃតំបន់ ដែលរួមមានទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) និងការប្រឆាំងអំពើភេរវកម្ម។
វាស្នើឱ្យមានការបង្កើតការតភ្ជាប់គ្នានៃច្រករបៀងសេដ្ឋកិច្ចក្នុងការភ្ជាប់ប្រទេសឥណ្ឌាតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងលិច និងអឺរ៉ុប។
ខណៈជាផ្នែកមួយនៃផែនការនេះ ប្រទេសឥណ្ឌាបានសន្យាថានឹងចែករំលែកជំនាញរបស់ខ្លួននៅក្នុងវិស័យ DPI ជាមួយដៃគូអាស៊ាន និងបានបង្កើតមូលនិធិអាស៊ាន – ឥណ្ឌាសម្រាប់អនាគតឌីជីថល។
ការបន្តការគាំទ្រដល់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ក៏ត្រូវបានប្រកាសដោយភាគីឥណ្ឌាផងដែរ។
ផែនការនេះសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់វិធីសាស្រ្តសមូហភាពមួយ ដើម្បីលើកឡើងអំពីបញ្ហារបស់ភាគខាងត្បូងសកលលោកនៅក្នុងវេទិកាពហុភាគី។ វាក៏ផ្តល់ជូននូវជំនាញរបស់ប្រទេសឥណ្ឌាក្នុងការផ្តល់ឱសថដែលមានតំលៃសមរម្យ និងមានគុណភាព តាមរយៈកម្មវិធីសុខាមាលភាពជែន – អូស្សាឌី គែនដ្រាស។
លោកនាយករដ្ឋមន្រ្តីបាននិយាយថា អាស៊ាន គឺជាសសរស្តម្ភស្នូលនៃគោលនយោបាយបូព៌ារបស់ប្រទេសឥណ្ឌា ដោយលោកបានសង្កត់ធ្ងន់ទៅលើការគាំទ្រយ៉ាងពេញលេញរបស់ឥណ្ឌាចំពោះភាពជាកណ្តាលរបស់អាស៊ាន និងទស្សនវិស័យរបស់ខ្លួនទៅលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនោះ លោក ម៉ូឌី បានប្រកាសពីសេចក្តីសម្រេចរបស់ប្រទេសឥណ្ឌាក្នុងការបើកស្ថានទូតមួយនៅរដ្ឋធានីឌីលីនៃប្រទេសទីម័រឡេស្តេ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា