ថៃបង្កើនល្បឿន នៃការធ្វើឌីជីថលភាវូបនីយកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

0

បរទេស៖ កាលពីថ្ងៃទី៧ ខែកញ្ញា នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថៈវីស៊ីន បាននិយាយថា រដ្ឋាភិបាលថៃនឹងណែនាំឱ្យធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចក្នុងវិស័យរដ្ឋ ដែលជាវិធានការដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

ខណៈដែលដឹកនាំពិធីបើកព្រឹត្តិការណ៍ទិវាប្រឆាំងអំពើពុករលួយដែលរៀបចំឡើងដោយអង្គការប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ (ACT) លោក ស្រេតថា បានសង្កត់ធ្ងន់ទៅលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាកត្តាអាទិភាពមួយរបស់រដ្ឋាភិបាល។

ព្រឹត្តិការណ៍នោះ គឺជាវេទិកាសាធារណៈលើកដំបូងដែលលោកបានចូលរួមចាប់តាំងពីបានក្លាយជានាយករដ្ឋមន្ត្រីថៃមក។

យោងតាមលោក ស្រេតថា បានឱ្យដឹងថា ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ានដែលនៅពីក្រោយប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ស្តីពីសន្ទស្សន៍ការយល់ឃើញអំពើពុករលួយកាលពីឆ្នាំមុន។

លោកបាននិយាយថា ខណៈដែលប្រទេសទាំងនោះគឺជាដៃគូប្រកួតប្រជែងផ្ទាល់របស់ប្រទេសថៃ ប្រទេសមួយនេះត្រូវការការកែលម្អខ្លួន ដោយអំពើពុករលួយនឹងធ្វើឱ្យអន្តរាយដល់ទំនុកចិត្តក្នុងចំណោមវិនិយោគិន និងធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។

ដើម្បីលុបបំបាត់អំពើពុករលួយ រដ្ឋាភិបាលកំពុងស្វែងរកលទ្ធកម្មបច្ចេកវិទ្យាដើម្បីធ្វើឌីជីថលភាវូបនីយកម្ម ដែលជាវិធីមួយនៃការបង្ហាញតម្លាភាពកាន់តែខ្លាំងនៅក្នុងរដ្ឋបាលរដ្ឋ។

នាយករដ្ឋមន្រ្តីរូបនោះបានសង្កត់ធ្ងន់ថា ប្រទេសថៃនឹងបង្កើនល្បឿននៃការពិនិត្យុមើលច្បាប់ឡើងវិញដើម្បីពង្រឹងការទប់ស្កាត់អំពើសូកប៉ាន់ ហើយនឹងដោះស្រាយវាឱ្យបានឆាប់រហ័សជាមួយនឹងជនល្មើសនៃអំពើពុករលួយ។

លើសពីនេះទៀត វាក៏នឹងឃ្លាំមើលយ៉ាងដិតដល់ទៅលើមន្រ្តីជាន់ខ្ពស់មួយចំនួនដែលត្រូវប្រកាសនូវកំណត់ត្រាទ្រព្យសម្បត្តិរបស់ពួកគេ ដោយសាធារណជនទូទៅអាចចូលមើលបាន។

លោកបាននិយាយថា បច្ចេកវិទ្យាអាចជួយបង្កើនតម្លាភាព​ ជាពិសេសការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចដែលនឹងត្រូវប្រើប្រាស់ក្នុងវិស័យរដ្ឋជំនួសឱ្យការទូទាត់ជាសាច់ប្រាក់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា