បរទេស៖ រដ្ឋជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក បានអនុម័តសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក (AOIP) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១១ កាលពីថ្ងៃទី៧ ខែកញ្ញា។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតាមសមុទ្រ ភាគីទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទៅលើការគ្រប់គ្រងធនធានសមុទ្រប្រកបដោយចីរភាព ពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានសណ្តាប់ធ្នាប់ (IUU) កិច្ចការពារជីវភាពសហគមន៍តាមឆ្នេរសមុទ្រ គាំទ្រសហគមន៍នេសាទខ្នាតតូច លើកកម្ពស់ពាណិជ្ជកម្មតាមសមុទ្រ ពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ និងអភិរក្សបរិស្ថានសមុទ្រ និងធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីសមុទ្រ។
ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមសមុទ្រតាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន ដោយលើកស្ទួយសេរីភាពក្នុងការធ្វើនាវាចរណ៍ ការបញ្ជាក់សារជាថ្មីនូវភាពចាំបាច់នៃការស្វែងរកដំណោះស្រាយវិវាទដោយសន្តិវិធីស្របតាមគោលការណ៍ដែលមានការទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ ដែលរួមមានទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងចំណោមទីភ្នាក់ងារពាក់ព័ន្ធក្នុងការការធ្វើឱ្យប្រសើរឡើងការយល់ដឹងអពីសមុទ្រ ការស្រាវជ្រាវ និងការជួយសង្គ្រោះ ការការពារ ការស្តារឡើងវិញ និងការគ្រប់គ្រងប្រកបដោយចីរភាពនៃបរិស្ថានសមុទ្រ ក៏ដូចជាសុវត្ថិភាព សន្តិសុខដែនសមុទ្រ និងការអប់រំ។
ដោយសំដៅទៅលើការតភ្ជាប់ទំនាក់ទំនង ភាគីទាំងពីរនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដែលគាំទ្រដល់នវានុវត្តន៍ឌីជីថល ភ័ស្តុភារ ឧត្តមភាពនៃបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស បង្កើតការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនតាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន និងគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់របស់អាស៊ានស្របតាមផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥។
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរក្នុងការជំរុញការពង្រឹងស្ថេរភាព សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុភាពមេគង្គតាមរយៈគំនិតផ្តួចផ្តើមរួមក្រោមភាពជាដៃគូទន្លេមេគង្គ – សហរដ្ឋអាមេរិក (MUSP) គាំទ្រដល់ការបង្រួមគម្លាតអភិវឌ្ឍនៅអាស៊ានស្របតាមកិច្ចសហការសហគមន៍អាស៊ាន បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនវឌ្ឍនភាព និងសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅត្រឹមឆ្នាំ២០៣០ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខស្បៀងអាហារ សន្តិសុខសុខភាព និងបង្កើតប្រព័ន្ធភាពស៊ាំសុខភាព សមភាពយេនឌ័រ សិទ្ធិមនុស្ស ថាមពលស្អាត និងសកម្មភាពអាកាសធាតុ ទីក្រុងឆ្លាតវៃ និងនិរន្តរភាព ការអភិរក្សបរិស្ថាន តម្លាភាព ព្រមទាំងពន្លឿនការផ្លាស់ប្តូរថាមពលស្អាត និងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។
នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតដែលអាចធ្វើទៅបាន អាស៊ាន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកកម្ពស់ស្ថេរភាពហិរញ្ញវត្ថុភាព ភាពធន់ និងប្រឆាំងនឹងអំពើពុករលួយ ជួយសម្រួលដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគ បង្កើនកិច្ចសហប្រតិបត្តិការលើការសម្របសម្រួលពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធភស្តុភារ និងសេវាកម្ម ព្រមទាំងបង្កើនការចូលរួមក្នុងការរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព មានភាពធន់ និងមានបរិយាប័ន្ន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា