បរទេស៖ បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៣ នៅកោះកាលីម៉ាន់តាន់ ដែលរួមមានប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ បានព្រមព្រៀងគ្នាបង្កើតសហគមន៍សេដ្ឋកិច្ចបូណេអូ (BEC) ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅ កោះមួយនេះ និងនៅតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងសុន្ទរកថាមួយនៅខាងក្រៅនៃកិច្ចប្រជុំតុមូលធុរកិច្ចបូណេអូលើកទី២ នៅទីក្រុងហ្សាការតាកាលពីថ្ងៃទី៦ ខែកញ្ញា ប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) លោក អាស់ចាដ រ៉ាស់ជីដ បានសង្កត់ធ្ងន់ថា អ្នកតំណាងនៃប្រទេសនៅអាស៊ានទាំង៣ បានគាំទ្រដកើកិច្ចសហប្រតិបត្តិការផ្លូវការក្នុងការបង្កើត BEC។
លោកបាននិយាយថា ក្រុមការងាររួមគ្នាមួយដែលពាក់ព័ន្ធនឹងអ្នកតំណាងនៃ BEC នឹងត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសហការក្នុងការធ្វើឱ្យកោះកាលីម៉ាន់តាន់ក្លាយជាកោះមួយប្រកបដោយថាមវ័ន្ត។ លោកបាននិយាយបន្ថែមថា ក្រុមការងារនេះក៏មានគោលបំណងធ្វើឱ្យកោះកាលីម៉ាន់តាន់ក្លាយជាកោះសេដ្ឋកិច្ចបៃតងនៅក្នុងអាស៊ាន ដែលត្រូវបានបង្កើតឡើងដោយគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដើម្បីសម្រេចបាននូវសុខុមាលភាពសហគមន៍ និងការអភិរក្សបរិស្ថានផងដែរ។
ជាមួយគ្នានេះដែរ ប្រធាន ASEAN-BAC របស់ប្រទេសប្រ៊ុយណេដារុយសាឡឹម លោកស្រី ហាស់លីណា តាអ៊ីប បានពន្យល់ថា BEC មានគោលបំណងធ្វើប្រតិបត្តិការក្នុងនាមជាសមាគមធុរកិច្ចដែលមានបរិយាប័ន្ន និងមាននិរន្តរភាពសម្រាប់បណ្តាក្រុមហ៊ុននៅលើកោះកាលីម៉ាន់តាន់។
លោកស្រីបានធានាថា BEC គឺរាប់បញ្ចូលនូវក្រុមហ៊ុនធុរកិច្ចទាំងអស់ ដែលរួមមានទាំងសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMES) និងបើកឱកាសសម្រាប់សហគ្រាសសង្គម និងរូបវ័ន្តបុគ្គលដែលមានជំនាញផងដែរ។
លោកស្រី តាអ៊ីប បាននិយាយថា BEC បានប្តេជ្ញាជំរុញនិរន្តរភាពក្នុងតំបន់នៅអាស៊ាន ដែលដោះស្រាយរាល់បញ្ហាប្រឈមរបស់ក្រុមហ៊ុនធុរកិច្ចនៅលើកោះកាលីម៉ាន់តាន់ និងលើកកម្ពស់កិច្ចសហការទាំងក្នុង និងក្រៅកោះកាលីម៉ាន់តាន់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា