បរទេស៖ ប្រទេសអូស្រ្តាលីបានកំណត់វិស័យសំខាន់ៗចំនួន៤ ដែលមានកំណើនសក្តានុពលខ្ពស់បំផុត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសម៉ាឡេស៊ី ក្រោមកម្មវិធី «ការវិនិយោគ៖ យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្រ្តាលីរហូតដល់ឆ្នាំ២០៤០»។
វិស័យទាំងបួននោះ រួមមានវិស័យកសិកម្ម និងស្បៀងអាហារ វិស័យធនធាន វិស័យអប់រំនិងជំនាញ និងវិស័យសេដ្ឋកិច្ចឌីជីថល។
បច្ចុប្បន្ននេះ ប្រទេសអូស្រ្តាលី គឺជាអ្នកផ្គត់ផ្គង់ស្បៀងអាហារដ៏ធំមួយទៅកាន់ប្រទេសម៉ាឡេស៊ីដោយមានប្រមាណ ១០% នៃផលិតផលទឹកដោះគោរបស់ប្រទេសម៉ាឡេស៊ី ២៥% នៃផលិតផលសាច់ដែលនាំចូល និង ពីរភាគបីនៃផលិតផលស្រូវសាលីនាំចូលរបស់ខ្លួន។
ទាក់ទងនឹងវិស័យធនធាន ប្រទេសអូស្ត្រាលីចង់បន្តធ្វើផែនការផ្លាស់ប្តូរថាមពលរបស់ប្រទេសម៉ាឡេស៊ី ដោយនឹងធ្វើឱ្យកាន់តែស៊ីជម្រៅជាដៃគូស្ថាប័ន ពង្រីកជំនួយបច្ចេកទេសស្តីពីមធ្យោបាយនៃការលុបបំបាត់ការបំភាយឧស្ម័នកាបូនិច និងមូលនិធិហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមកិច្ចការផ្សេងៗទៀត។
កាលពីឆ្នាំមុន ឧស្ម័នឧស្ម័នធម្មជាតិ ស្ពាន់ និងធ្យូងថ្ម ស្ថិតក្នុងចំណោមធាតុនាំចេញដ៏សំខាន់របស់អូស្រ្តាលីទៅកាន់ប្រទេសម៉ាឡេស៊ី។
សម្រាប់វិស័យសេដ្ឋកិច្ចឌីជីថល ប្រទេសអូស្រ្តាលីប្តេជ្ញាគាំទ្រដល់ប្រទេសម៉ាឡេស៊ីក្នុងការសម្រេចបាននូវគោលដៅនៃការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដោយលើកកម្ពស់ការអភិវឌ្ឍឌីជីថល។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការឌីជីថល កាលពីក្នុងឆ្នាំ២០២០ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឌីជីថល និងកាត់បន្ថយឧបសគ្គដល់ពាណិជ្ជកម្មឌីជីថល។ ពួកគេក៏បានសង្ឃឹមផងដែរថានឹងបានបញ្ចូលបទប្បញ្ញត្តិថ្មីៗ និងកិច្ចសហការគ្នានៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីម៉ាឡេស៊ី – អូស្ត្រាលី។
ទាក់ទងនឹងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រទេសអូស្ត្រាលី និងម៉ាឡេស៊ី បានសន្យាជំរុញកិច្ចសហប្រតិបត្តិការទាក់ទងនឹងការផ្តល់ការអប់រំតាមប្រព័ន្ធអនឡាញ។
ប្រទេសអូស្រ្តាលី គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី៧ របស់ប្រទេសម៉ាឡេស៊ី ខណៈដែលប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី៨ ក្នុងវិស័យទំនិញ និងសេវាកម្មរបស់អូស្រ្តាលី។ កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានតម្លៃ ២១,៤ប៊ីលានដុល្លារអាម៉េរិក និងការវិនិយោគទ្វេភាគីមានចំនួនសរុប ១៩,១៥ប៊ីលានដុល្លារអាម៉េរិក។
យុទ្ធសាស្រ្តនេះត្រូវបានបង្កើតឡើងដោយនាយករដ្ឋមន្រ្តីអូស្ត្រាលី លោក អេនថូនី អាល់ម៉ូនី អាឡាបាណេស នៅក្នុងវេទិកាអាស៊ានឥណ្ឌូប៉ាស៊ីហ្វិក នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី៦ ខែកញ្ញា នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។ វាបានកំណត់នូវវិស័យចំនួន១០ ដែលផ្តល់នូវសក្តានុពលបំផុតសម្រាប់កំណើនសេដ្ឋកិច្ច ដែលរួមមានវិស័យកសិកម្ម និងស្បៀងអាហារ ធនធាន ការផ្លាស់ប្តូរថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងជំនាញ ទេសចរណ៍ ការថែទាំសុខភាព សេដ្ឋកិច្ចឌីជីថល សេវាកម្មអាជីព និងហិរញ្ញវត្ថុ និងឧស្សាហកម្មច្នៃប្រឌិត៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា