បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយឡាវបានឱ្យដឹងថា ផ្លូវដែកឡាវ-វៀតណាម ត្រូវបានគេរំពឹងថានឹងបញ្ចប់ និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៨។
មុនពេលសាងសង់ ក្រុមហ៊ុន Petroleum Trading Lao Public Company (PTL) ក្រុមហ៊ុនសាជីវកម្មវិស្វកម្ម Yooshin និងក្រុមហ៊ុនផ្លូវដែកជាតិកូរ៉េ នឹងធ្វើការសិក្សាលម្អិតសម្រាប់ផ្លូវរថភ្លើងមួយនេះ។
កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយទៅលើគម្រោងនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងវៀងចន្ទន៍កាលពីសប្តាហ៍មុនដោយប្រធានក្រុមហ៊ុន Petroleum Trading Lao Public Company (PTL) លោក ចាន់ថូន ស៊ីតធីសាយ ប្រធានក្រុមហ៊ុនសាជីវកម្មវិស្វកម្ម Yooshin លោក ចុន យុងស៊ូន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនផ្លូវដែកជាតិកូរ៉េ លោក ជីន ហ៊ីយុន។
នៅពេលដែលបញ្ចប់ការសាងសង់ ផ្លូវដែកឡាវ-វៀតណាមនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប និងស្តង់ដារ ស្របពេលដែលវានឹងកាត់បន្ថយថ្លៃដឹកជញ្ជូនដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ។
គម្រោងនេះនឹងពង្រឹងការតភ្ជាប់របស់ប្រទេសឡាវជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងក្រៅប្រទេស។ វាត្រូវបានគេរំពឹងថានឹងគាំទ្រដល់ចក្ខុវិស័យរបស់រដ្ឋាភិបាលឡាវ និងយុទ្ធសាស្ត្រអភិវឌ្ឍរបស់ប្រទេសនេះក្នុងការប្រែក្លាយប្រទេសឡាវពីប្រទេសដែលបិទជិតដោយដីគោកទៅជាប្រទេសដីគោកដែលមានការភ្ជាប់គ្នា។
ផ្លូវដែកឡាវ-វៀតណាម គឺជាផ្នែកមួយនៃគម្រោងតភ្ជាប់ភ័ស្តុភារឡាវ ដែលរួមមានគម្រោងរងមួយចំនួន ដូចជាគម្រោងកំពង់ផែស្ងួតថាណាឡេង និងសួនភស្តុភារវៀងច័ន្ទន៍ ផ្លូវដែកឡាវ-វៀតណាម កំពង់ផែសមុទ្រវុងអាង និងរោងចក្រថាមពលធ្យូងថ្មប៊ួឡាផា។
គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ នឹងត្រូវសាងសង់ក្នុងចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ដែលក្នុងនោះរួមទាំងចម្ងាយប្រមាណ ៣១២គីឡូម៉ែត្រដែលតភ្ជាប់ពីទីក្រុងវៀងច័ន្ទន៍ និងស្រុកថាក់ខេកនៃខេត្តខាំមួន និងផ្លូវប្រវែង ១៣៩គីឡូម៉ែត្រដែលតភ្ជាប់ស្រុកថាក់ខេកជាមួយព្រំដែនឡាវ-វៀតណាម។ ការវិនិយោគសរុបសម្រាប់គម្រោងនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥,៥ប៊ីលានដុល្លារអាម៉េរិក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា