ជប៉ុនចាប់ផ្តើមគម្រោងពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយអាស៊ាន

0

បរទេស៖ ​ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុន បានចាប់ផ្តើមគម្រោងមួយដើម្បីពង្រឹងសកលភាវូបនីយកម្ម និងជំរុញធនធានមនុស្សដែលមានការប្រកួតប្រជែងជាអន្តរជាតិ។

គម្រោង «សេកៃ អិច ម៉ាណាប៊ី» (គម្រោងសិក្សាពិភពលោកអិច) ត្រូវបានគេរំពឹងថានឹងបង្កើនចំនួននិស្សិតជប៉ុនដែលសិក្សានៅបរទេស និងជំរុញការទទួលយកនិស្សិតបរទេសនៅក្នុងប្រទេសនេះ បូករួមទាំងការគាំទ្រដល់សាកលវិទ្យាល័យនានាដែលមានបំណងពង្រីកទៅក្រៅប្រទេស។

ក្រសួងនោះគ្រោងនឹងពង្រឹងជំនាញភាសាអង់គ្លេសនៅសាលាបឋមសិក្សា និងមធ្យមសិក្សា ជំរុញសកម្មភាពផ្លាស់ប្តូរអន្តរជាតិនៅអនុវិទ្យាល័យ និងវិទ្យាល័យ តាមរយៈសកម្មភាពអនឡាញ និងមធ្យោបាយផ្សេងៗទៀត ព្រមទាំងពង្រីកលទ្ធភាពទទួលបានអាហារូបករណ៍ពីរយៈពេលមធ្យមដល់រយៈពេលវែងសម្រាប់និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សានៅបរទេស។

នៅក្រោមគម្រោងនោះ ការផ្លាស់ប្តូររវាងសិស្សវិទ្យាល័យរបស់ជប៉ុន និងសមភាគីមកពីក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ និងបណ្តាប្រទេសជាសមាជិកអាស៊ាន ក៏នឹងត្រូវបានលើកទឹកចិត្តផងដែរ។ លើសពីនេះទៀត គម្រោងនោះនឹងជំរុញឱ្យសាកលវិទ្យាល័យនានាឱ្យបង្កើតកម្មវិធីអប់រំរួមគ្នាជាមួយសាកលវិទ្យាល័យនៅក្នុងបណ្តាប្រទេសទាំងនោះផងដែរ។

ក្នុងគោលបំណងនៃការជំរុញសកលភាវូបនីយកម្មនេះ ក្រសួងនឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់សាកលវិទ្យាល័យនានាក្នុងស្រុក ដើម្បីបង្កើតសាខានៅសាកលវិទ្យាល័យដៃគូនៅបរទេស ដើម្បីផ្តល់ជូនថ្នាក់រៀនដែលផ្តោតសំខាន់ទៅលើប្រទេសជប៉ុន។

កាលពីក្នុងខែមេសា ក្រុមប្រឹក្សានៃការបង្កើតការអប់រំនាពេលអនាគតរបស់រដ្ឋាភិបាលបានស្នើផែនការមួយដែលនឹងមាននិស្សិតជប៉ុនចំនួន ៥០០.០០០នាក់ត្រូវបានបញ្ជូនទៅក្រៅប្រទេស ហើយនិស្សិតបរទេសចំនួន ៤០០.០០០នាក់នឹងត្រូវបានទទួលយកជារៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ២០៣៣។

មុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ និស្សិតជប៉ុនចំនួន ២២២.០០០នាក់បានសិក្សានៅបរទេស ហើយនិស្សិតបរទេសចំនួន ៣១៨.០០០នាក់បានទៅសិក្សានៅក្នុងប្រទេសជប៉ុន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា