បរទេស៖ ប្រទេសថៃទំនងជានឹងបញ្ចប់គោលដៅនាំចេញអង្ករឱ្យបាន ៨លានតោនដែលត្រូវបានកំណត់សម្រាប់ឆ្នាំនេះ ដោយរក្សាកេរ្តិ៍ឈ្មោះជាប្រទេសនាំចេញអង្ករដ៏សំខាន់មួយ។
លោក រុនណារ៉ុង ភូលពីផាត់ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃបាននិយាយថា ការកើនឡើងនៃការនាំចេញអង្ករស្របទៅនឹងការកើនឡើងនៃក្តីបារម្ភចំពោះគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូតអាកាសធាតុអ៊ែលនីណូ ការហាមប្រាមរបស់ប្រទេសឥណ្ឌាទៅលើការនាំចេញអង្ករស ការធ្លាក់ចុះផលិតកម្មអង្កររបស់ប្រទេសចិន និងការបង្កើនការចង់បានរបស់ប្រទេសមួយចំនួនក្នុងការនាំចូលអង្ករដើម្បីការពារសន្តិសុខស្បៀងអាហារ។
លោកបាននិយាយបន្តថា ប្រទេសជាច្រើនបានបង្ហាញការចាប់អារម្មណ៍ក្នុងការទិញអង្ករថៃ ជាពិសេសប្រទេសហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងជប៉ុន។
មន្ត្រីរូបនោះបានបញ្ជាក់ថា ការហាមប្រាមការនាំចេញអង្ករសរបស់ប្រទេសឥណ្ឌានឹងមិនប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃនោះឡើយ។
ការហាមប្រាមការនាំចេញរបស់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី២០ ខែកក្កដាមក បានប៉ះពាល់ដល់ទីផ្សារអង្ករពិភពលោកដោយបានធ្វើឱ្យតម្លៃមានការកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ មិនមានការខ្វះខាតការផ្គត់ផ្គង់ណាមួយត្រូវបានរំពឹងទុកនោះទេ ដោយសារតែប្រទេសឥណ្ឌាអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសជាក់លាក់មួយចំនួនសម្រាប់សន្តិសុខស្បៀងអាហារ។
កាលពីថ្ងៃទី៣១ ខែសីហា ប្រទេសថៃបានប្រកាសថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបាននាំចេញអង្ករទៅក្រៅប្រទេសបានចំនួន ៥,២៩លានតោន ដោយកើនឡើងបាន ១១,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រសួងពាណិជ្ជកម្មថៃបានរាយការណ៍ថា ប្រទេសនេះរកចំណូលបាន ២,៥៦ប៊ីលានដុល្លារអាម៉េរិកពីការនាំចេញអង្ករក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើងបាន ២០,៧៣%។
លោក រុនណារ៉ុង បាននិយាយថា ក្រសួងបានសម្រេចរក្សាការព្យាកររបស់ខ្លួនថានឹងអាចនាំចេញអង្ករបានចំនួន ៨លានតោនសម្រាប់ឆ្នាំនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា