ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសបានដេញឃាត់ខ្លួនក្មេងទំនើង០៨នាក់ជិះម៉ូតូ០៤គ្រឿងបង្ហោះនិងប្រដេញគ្នាផ្អើលក្នុងបឹងកក់ នៅតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កប៉ះសណ្តាប់ធ្នាប់សាធារណៈ នៅវេលាម៉ោង០៩យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ។ក្មេងទំនើងទាំងនេះជាសិស្សនិងបានអប់រំឲ្យធ្វើកិច្ចសន្យាដោះលែងត្រឡប់ទៅផ្ទះវិញ។លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំអង្គភាពកម្លាំងអន្តរាគមន៍ពិសេសប្រាប់ឲ្យដឹងថា៖ការចាប់ឃាត់ក្មេងទំនើងបង្កប៉ះពាល់អសន្តិសុខ គឺអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវយុទ្ធនាការឲ្យកម្លាំងនគរបាលរាជធានីភ្នំពេញចេញល្បាតត្រួតពិនិត្យបង្រ្កាបក្មេងទំនើងដែលបញ្ហាក្មេងទំនើងនេះបង្កើតជាក្រុមបក្ខពួកដើរលេងមិនចូលផ្ទះក្នុងមួយរយៈបានបង្កការវាយកាប់ចាក់គ្នានិងអ៊ុកឡុកនៅតាមូលដ្ឋានមួយចំនួនធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ក្នុងរយៈពេលប៉ុន្មាយប់ចុងក្រោយកងកម្លាំងនគរបាលរាជធានីភ្នំពេញក៏បានបង្រ្កាបចាប់ខ្លួនក្មេងទំនើងមួយចំនួនរួចហើយយកទៅអនុវត្តច្បាប់បន្ទាប់ពីប្រើអំពើហិង្សាទៅលើជនរងគ្រោះរងរបួសធ្ងន់។
សូមបញ្ជាក់ថាកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញចេញល្បាតត្រួតពិនិត្យរហូត២៤ម៉ោងលើ២៤ម៉ោង ក៏ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗទៀតផងដែរនិងជាពិសេសគឺធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានមានភាពកក់ក្តៅ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ